ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានរងរបួសធ្ងន់ខណៈបើករថយន្តក្នុងល្បឿនលឿនទៅបុករបាំងថ្មក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកបរបានរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃ សៅរ៍ ២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Lexus ls 460 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-2929 បានបើកក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកបរបានរងរបួសធ្ងន់ ដោយជាប់នៅក្នុងរថយន្ត ហើយសំណាងល្អត្រូវបានប្រជាពលរដ្ឋយកញញួរមកវាកញ្ចក់រថយន្ត យកអ្នកបើកបរដឹកតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ រួចយករថយន្តស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖