ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីធុនយក្សភ្លេចទម្លាក់បែនបណ្តាលឲ្យទាក់ខ្សែភ្លើងរប៉ាត់រប៉ាយ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារការធ្វេសប្រហែសរបស់តៃកុងរថយន្តបែនដឹកដីធុនយក្សមួយគ្រឿង បើកមិនទម្លាក់បែនបណ្តាលឲ្យទាក់ខ្សែភ្លើងរប៉ាត់រប៉ាយ និងទ្រេតបង្គោលភ្លើង១ដើមផងដែរ ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៨ និង៥០នាទី ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តប្រភេទបែនដឹកដីធន់ធំ១គ្រឿងនេះ ដែលពាក់ស្លាក់លេខ ភ្នំពេញ3A.6307ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម ដោយមិនទម្លាក់បែនស្រាប់តែមកដល់ចំនុចកើតហេតុខាងលើក៏ទាក់នឹងខ្សែភ្លើងទទឹងផ្លូវបណ្តាលឲ្យដាច់រប៉ាត់រប៉ាយ និងទ្រេតបង្គោលភ្លើង១ដើម ពេលនោះដែលតៃកុងរថយន្តបានបើកទ្វារថយន្តរត់បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយសំរួលចរាចរណ៍ដោយបិទផ្លូវតាំងពីចំណុចផ្លូវបំបែកចំការដូង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវវាង ព្រោះខ្លាចមានគ្រោះថ្នាក់ផងដែរ តែរថយន្តត្រូវបានយកមកថែរក្សាទុកនៅអធិការខណ្ឌដង្កោដើម្បីឲ្យភាគីខាងរថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖