ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃបានសម្រេចដួលម៉ូតូត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់រត់រួចម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចបន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីពីរនាក់បងប្អូន បានសម្រេចរួចក៏ដួលម៉ូតូបណ្តាលឲ្យជនសង្ស័យម្នាក់យកទូរសព្ទ័រជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ត្រង់ចំណុចក្បែលប៉ុ ស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ តាមបណ្តោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ជនរងគ្រោះទី១ ប្អូនដែលជាអ្នកបើកម៉ូតូមានឈ្មោះ ធា កញ្ញា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូ ស្នាក់ផ្ទះជួល ភូមិបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២ បងដែលជាម្ចាស់ទូរស័ព្ទដៃមានឈ្មោះ ធា ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ លក់ដូដូចគ្នា និងស្នាក់នៅជាមួយគ្នា។ ចំណែកឯជនសង្ស័យមានឈ្មោះ តាំង អមតៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ម្តុំត្រឡោកបែក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិអំពិលតិក ឃុំកំពងភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ចំណែកជនសង្សយ័ម្នាក់ទៀត ឈ្មោះ យីប ជាម្ចាស់ម៉ូតូរត់គេចខ្លួនបាត់។

បើកតាមសម្តីពីនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុនារីរងគ្រោះទាំងពីរនាក់បងប្អូនបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-1634 ដែលទើបតែជិះចេញមកពីផ្ទះបំណង់ជិះទៅទិញបន្លែនៅផ្សារដើមគ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យខាងលើពីនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល1W-7228 ជិះមកពីក្រោយហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក សាំងសុង ពីនារីរងគ្រោះដែលមានធា ស្រីមុំត្រូវជាបងនៅអង្គុយខាងក្រិយ កំពុងតែលេងហ្វែសប៊ុក បានសម្រេច ហើយបំរុងនិងជិះម៉ូតូរត់គេចខ្លួនតែក៏បានទាក់ដៃចង្កូតជាមួយនិងម៉ូតូរងគ្រោះបណ្តាលអោយម៉ូតូរបស់ជនរងគ្រោះនិងម៉ូតូជនសង្ស័យដួល ភ្លាមៗនេះជនសង្ស័យខាងលើដែលជាអ្នកធ្វើសកម្មភាពឆក់ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយចាប់ឃាត់ខ្លួនរួមទាំងម៉ូតូមួយគ្រឿង ចំណែកឯបក្សពួកម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានយកទូរស័ព្ទរបស់ជនរងគ្រោះដែលឆក់បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រជាពលរដ្ឋប្រគល់ទៅឲ្យសមត្ថកិច្ចនាំខ្លួនទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំចាត់ការទៅតាមនិតិវិធីច្បាប់។ចំណែកជនរងគ្រោះបានមកដាក់បណ្តេឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់៣ដើម្បីឲ្យសមត្ថកិច្ចស្វេងរកចាប់ខ្លួនបក្សពួកម្នាក់ទៀតមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ

 


ចែករំលែក៖