គេរាយការណ៍ថា អង្គភាពគ្លីនិកជាតិសើស្បែក ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា កំពុងមានបញ្ហាគួរឲ្យចាប់អារម្មណ៍ គឺពាក់ព័ន្ធនឹងអំពើពុករលួយ និងបក្ខពួកនិយម ។ ដោយសារតែបញ្ហាបក្ខពួកនិយម ធ្វើឲ្យការងារនៅក្នុងអង្គភាពមួយនេះជួបប្រទះនឹងភាពរកាំរកូស ដោយការធ្វើការងារមិនស៊ីសង្វាក់នឹងគ្នា ។ គេរាយការណ៍ថា ថ្នាំពេទ្យជាជំនួយរបស់បរទេស តែងតែបាត់បង់ដោយមិនដឹងមូលហេតុ ។
រឿងមួយទៀត ដែលមន្ត្រីនៅក្នុងអង្គភាពគ្លីនិកជាតិសើស្បែកកំពុងងឿងឆ្ងល់នោះ គឺផ្លូវចូលទៅក្នុងអង្គភាពត្រូវបានបិទ ហើយបុគ្គលិកមន្ត្រីរាជការនៅក្នុងអង្គភាព ជិះម៉ូតូវាងផ្លូវចូលតាមក្រុមហ៊ុន អូស៊ីអាយស៊ី វិញ ។ គេសង្ស័យថា ការបិទផ្លូវនោះ ទំនងជាយកដីលក់ចែកមេៗ ។ ប្រភពខ្លះនិយាយថា ការបិទផ្លូវនោះដើម្បីធ្វើឃ្លាំងឱសថ ប៉ុន្តែតាមពិតគេធ្វើឃ្លាំងឱសថមួយចំណែក និងមួយចំណែកទៀតលក់ឲ្យឈ្មួញ ។ គេមិនដឹងថា តើថ្នាក់ដឹកនាំក្រសួងសុខាភិបាលព្រមព្រៀងឲ្យមានការលក់ផ្លូវនោះឬយ៉ាងណាទេ ។
គួរបញ្ជាក់ថា គ្លីនិកជាតិសើស្បែក ដើមឡើយស្ថិតនៅម្តុំផ្សារដេប៉ូ ។ ក្រោយមក ដោយសារដីនៅកណ្តាលក្រុងឡើងថ្លៃ គេក៏ព្រមព្រៀងលក់ដីនោះ ហើយរើឥវ៉ាន់ទៅនៅម្តុំព្រែកលាប ។ បន្ទាប់ពីក្រុមហ៊ុន អូរស៊ីអាយស៊ី អភិវឌ្ឍន៍នៅតំបន់ព្រែកលាប ដីឡើងថ្លៃ ដូច្នេះ ថ្នាក់ដឹកនាំអង្គភាព គ្លីនិកជាតិសើស្បែក អត់មានអីលក់ ក៏បិទផ្លូវយកដីលក់ឲ្យឈ្មួញតែម្តង ៕