ប៉ោយប៉ែត៖ បុរសជនជាតិចិនម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់កាលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅលើអគារជាន់ទី៣ បន្ទប់លេខ៣០៤ នៅសណ្ឋាគារកាស៊ីណូគ្រេនដាយម៉េន ឋិតក្នុងភូមិក្បាលស្ពាន សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅកន្លែងកេីតហេតុគេឃើញមានសមត្ថកិច្ចជំនាញខេត្ត ក្រុងដើម្បីធ្វេីកោសល្យវិច្ច័យ។
ប្រភព បង្ហើបថា សពខាងលើជាជនជាតិបរទេស ភេទប្រុស ពុំស្គាល់អត្តសញ្ញាណព្រោះនៅកន្លែងកើតហេតុ ពុំឃើញមានអ្វីសម្គាល់ បានដេកស្លាប់ពាក់អាវយីតដៃខ្លី ពណ៌ខ្មៅ ដណ្ដប់ភួយ ពណ៌ស។
ប្រភពបានឲ្យដឹងថា សាកសពជនជាតិ បរទេសខាងលើគឺជាជនជាតិចិនបានស្លាប់ចន្លោះពីម៉ោង៣ទៅម៉ោង៤ទៀបភ្លឺ ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ។ តាមការពិនិត្យលើសាកសពជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា សង្ស័យជាអំពើឃាតកម្ម ព្រោះនៅលើដៃរបស់សាកសពមានស្នាមជាំ ។
នៅកន្លែងកើតហេតុក្រុមអ្នកសារព័ត៌មានឈរចាំផ្ដិតយករួបភាពនៅម៉ោង៧និង៣៧នាទីយប់ថ្ងៃដដែល ត្រូវក្រុមសន្តិសុខខ្មែរ ថៃ បានរារាំងមិនឲ្យថតនោះទេ តែសពត្រូវបានគេដឹកតាមរថយន្តសង្គ្រោះយកមកដំកល់នៅវត្តបាលិលេយ្យ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តប៉ាលិលេយ្យរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកំណើត ៕ វណ្ណា