ព័ត៌មានទាន់ហេតុការណ៍៖

ភី ម៉ៃ ស្ទុះកាន់តែខ្លាំងស្របរឿង ធ្មប់ កំពុងកើបលុយ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងមាឌធំ លោក ភីម៉ៃ កាន់តែលេចមុខមាត់និងទាញបានប្រជាប្រិយភាពកាន់តែខ្ពស់ក្រោយភាពយន្តខ្នាតធំរឿង ធ្មប់ បាននឹងកំពុងផ្ទុះការគាំទ្រខ្លាំង ។ ការឡើងកូដស្រឺតៗបន្តបន្ទាប់គ្នាបាននឹងកំពុងតែធ្វើឲ្យតារារូបនេះកំពុងពិចារណាដំឡើងថ្លៃខ្លួនបន្តិចផងដែរ ។

លោក ភីម៉ៃ បានបោះជំហានលើវិថីសិល្បៈជាច្រើនឆ្នាំមកហើយក្នុងនោះ លោកធ្លាប់ថតបានជិត៥០រឿង ប៉ុន្តែភាពយន្តដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើលោកកាន់តែច្បាស់នោះមានមិនច្រើនឡើយ ពោលគឺមានតែភាពយន្ត៤ទៅ៥រឿងចុងក្រោយនេះ ក្នុងនោះមានរឿង “គ្រាប់ពេជ្រ” រឿង “ប៉ុបពីទៅហូលីវ៉ូដ”រឿង “កំណត់ហេតុនាងនាថ” រឿង”សសរកន្លោង”និងរឿង “ធ្មប់” ជាដើម ។

ស្នាដៃចុងក្រោយរឿង ធ្មប់ ដែលកំពុងតែកើបលុយនៅតាមបណ្តាខេត្តនានាក្រោយពីផ្ទុះការគាំទ្រនៅរោងភាពយន្តទំនើបនៅភ្នំពេញកន្លងមក ។ រឿង”ធ្មប់” ដែលលោកសម្ដែងជាអ្នកបម្រើសេដ្ឋីនោះលោក ភីម៉ៃ មានប្លង់ច្រើនមិនចាញ់តួឯកឡើយហើយជាតួបែបកំប្លែងដែលទស្សនិកជនមើលហើយដក់ជាប់ក្នុងអារម្មណ៍ទើបគ្រាដែលចេញជួបអ្នកគាំត្រម្តងៗលោកត្រូវបានគេចោមរោមថតមិនដាច់ ។

តារាសម្តែងរូបនេះបានថ្លែងទាំងក្តីរំភើបថាអ្វីដែលលោកបានលះបង់អស់ជិត២០ឆ្នាំមកនេះគឺពិតជាទទួលបានផ្លែផ្កាដូចអ្វីដែលោកធ្លាប់បានស្រម៉ៃ ។ លោកបន្តថា ក្រោយភាពយន្តចុងក្រោយមានការគាំទ្រច្រើនពេលនេះលោកក៏ទទួលបានការទាក់ទងពីផលិតកម្មនានា ទាំងក្នុងនិងក្រៅស្រុក ។ លោកថាពេលនេះលោកក៏មិនមានពេលគ្រប់គ្រាន់ក្នុងការសម្តែងភាពយន្តខ្នាតធំនោះទេ ព្រោះតែរឿងជាប់គ្នាច្រើន ។

លោកស្នើមិនបញ្ជាក់ពីផលិតកម្មក្រៅស្រុកដែលកំពុងទាក់ទងលោកចូលរួមសម្តែងព្រោះតែជារឿងសង្ងាត់របស់ផលិតកម្ម និងកំពុងស្ថិតក្នុងការចចារ ។ លោកបន្តថាបច្ចុប្បន្ននេះខ្លួនជាប់កុងត្រាថត ៤ទៅ៥រឿងជាប់គ្នាស្ទើរមិនមានពេលសម្រាកឡើយជាមួយគ្នានោះក៏មានផលិតករជាច្រើនទៀតបានទាក់ទងចង់ឲ្យលោកថតរឿងឲ្យប៉ុន្តែដោយសារតែមិនមានពេលគ្រប់គ្រាន់លោកក៏បានសម្រេចមិនទទួលភាពយន្តមួយចំនួនផងដែរ ។ សម្រាប់តម្លៃខ្លួនលោកក៏មានគម្រោងចង់តំឡើងខ្លះដែរព្រោះតែត្រូវទប់ទល់ការចំណាយជាច្រើនផងដែរ៕ វឌ្ឍនា


ចែករំលែក៖