ខេត្តបាត់ដំបង៖ ការអនុវត្តមិនចូលបង់ថ្លៃភាស៊ីចំណតរបស់រថយន្តដឹកទំនិញពីប្រថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនតំបន់ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ឈមនិច្រកខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ នាំឲ្យមានការឃាត់ទុករថយន្តដឹកទំនិញបញ្ហានោះត្រូវបានមន្រ្តីគយប្រចាំច្រកទ្វារព្រំដែនភ្នំដីឲ្យដឹងថាក្នុងមួយថ្ងៃត្រូវបានខាតចំណូលពន្ធគយរដ្ឋ៥០លានរៀលជុំវិញបញ្ហាការមិនចុះសម្រុងគ្នារវាងក្រុមហ៊ុនចំណតរថយន្តប្រចាំស្រុកសំពៅលូននិងក្រុមហ៊ុនផែស្ងួតលីគា នៅស្រុកសំពៅលូននោះ។
បញ្ហានោះហើយកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ គឺត្រូវគេមើលឃើញថាក្រុមហ៊ុនលី គា ផែស្ងួតជាភាគីមិនអនុវត្តបង់ថ្លៃភាស៊ី កើតទុក្ខមិនសុខចិត្ត បានយករថយន្តធុនធំ៦គ្រឿងដាក់បិទផ្លូវមិនឲ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់ បង្កឲ្យកកស្ទះចរាចរណ៍ជិត៧ម៉ោង ធ្វើឲ្យរាល់ការដឹកជញ្ជូនពាណិជ្ជកម្មរវាងកម្ពុជា-ថៃនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការរាំងស្ទះមួយរយៈ។ការបិទផ្លូវបានធ្វឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៤ មីនា ឆ្នាំ២០១៨ រហូតដល់ម៉ោងជិត៧យប់ថ្ងៃដដែលទើបគេឃើញរថយន្តបិទផ្លូវ៦គ្រឿងដកថយទៅវិញ។
ពាក់ព័ន្ធបញ្ហានេះ លោក អ៊ុយ វ៉ិត ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនភ្នំដី បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៥ មីនា ថា ការកាក់រថយន្តពីសំណាក់ម្ចាស់ចំណតដើម្បីទារភាស៊ីគឺមានរថយន្ត២០គ្រឿង។ ការឃាត់ទុករថយន្តដឹកទំនិញមិនបង់ថ្លៃភាស៊ីនោះមិនអាចឲ្យរថយន្តចូលទៅផែស្ងួត របស់ក្រុមហ៊ុន លី គា ដូច្នេះមន្រ្តីគយមិនបានត្រួតពីនិត្យវាយតម្លៃបង់ពន្ធគយទំនិញលើរថយន្តនោះឡើយ ដោយគ្រាន់តែមិនវាយតម្លៃបបង់ពន្ធមួយទៅលើរថយន្តឃាត់ទុកមួយថ្ងៃខាតពន្ធចំណូលពន្ធគយរហូត៥០លានរៀល។
លោកប្រាប់ឲ្យដឹងទៀតថា ការបាត់ចំណូលពន្ធគយដោយការឃាត់ទុករថយន្តដឹកទំនិញមិនឲ្យចូលផែស្ងួត គឺលោកបានរាយការណ៍ទៅសាខាគយខេត្តហើយសាខាគយខេត្តបន្តរាយការណ៍ទៅអគ្គនាយកគយគឺជាការស្រេច។
ពាក់ព័ន្ធបញ្ហានេះ ប្រធានក្រុមហ៊ុនចំណតរថយន្តប្រចាំស្រុកសំពៅលូនប្រាប់ឲ្យដឹងថា កន្លងមករថយន្តដឹកទំនិញទាំងអស់ បានបង់ថ្លៃភាស៊ីរ១ក្បាលរថយន្ត៣ម៉ឺនរៀល អនុវត្តតាមសៀវភៅបន្ទុករបស់រដ្ឋ។លុះចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ក្រុមហ៊ុន លី គា បានអាជ្ញាប័ណ្ណធ្វើផែស្ងួតគឺគាត់ប្រកាសខ្លួនគាត់និងគៀគរអាជីវករផ្សេងៗទៀតមិនឲ្យរថយន្តដឹកទំនិញបង់ថ្លៃភាស៊ីក្រុមហ៊ុនលោកនោះឡើយ។ក្រុមហ៊ុនលីគា យោង ក្រោយពីបានអាជ្ញាប័ណ្ណផែស្ងួត គឺអាជ្ញាប័ណ្ណក្របដណ្តប់លើក្រុមហ៊ុនរបស់លោក។
លោកប្រាប់ទៀតថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនលោកមានរយៈពេល២០ឆ្នាំ ហើយក្រុមហ៊ុនលោកក៏មានកាតព្វកិច្ចបង់ពន្ធចូលរដ្ឋដូចគ្នាផងដែរ ឲ្យតែរថយន្តដឹកទំនិញបង់ថ្លៃភាស៊ីនោះហើយរថយន្តនោះទៅណាក៏ទៅៗ ដោយមិនហាមឃាត់ណោះឡើយ គឺលោកហាមឃាត់រថយន្តពីព្រោះលោកមានច្បាប់ទម្លាប់ត្រឹមត្រូវ។
ពាក់ព័ន្ធបញ្ហានេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងសុំការបំភ្លឺពីក្រុមហ៊ុន លីគា នោះផងដែរ ប៉ុន្តែទូរស័ព្ទរបស់លោកគ្មានការទទួលឆ្លើយតប កាលពីរសៀលថ្ងៃទី៥ មីនា ។
ដោយឡែក លោ ងួន រតនៈ អភិបាលខេត្តបាត់ដំបងប្រាប់ឲ្យដឹងថា ពាក់ព័ន្ធរឿងជម្លោះ រវាងក្រុមហ៊ុនចំណតរថយន្ត និងក្រុមហ៊ុនផែស្ងួត លីគា ឈានដល់ការបិទផ្លូវនោះ គឺអាជ្ញាធរខេត្តឲ្យគាត់យករថយន្តចេញអស់ហើយ មិនអនុញ្ញាតិឲ្យមានការបិទផ្លូវទៀតទេ។
លោកបញ្ជាក់ទៀតថា ឥឡូវដោះស្រាយរវាងក្រុមហ៊ុនទាំង២នោះហើយ។ ដោយសារការបើកផែស្ងួតវាថ្មីលោកមិនទាន់យល់ទាក់ទងបង់សេវាថ្លៃផែស្ងួត និងបង់ថ្លៃភាស៊ី ដោយជំនាញខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងតែពន្យល់ឲ្យក្រុមហ៊ុនយល់ដឹងដើម្បីកុំឲ្យច្រឡំភារកិច្ចគ្នា និងឲ្យមានការសម្របសម្រួលគ្នានោះសិន៕ សំ វិច្ឆិកា