ខេត្តបន្ទាយមានជ័យ៖ អំពើឃាតកម្មសម្លាប់បុរសជាជនជាតិចិនម្នាក់នៅក្នុងបន្ទប់កាស៊ីណូហ្គ្រេនដាយមិនស៊ីធី ក្រុងប៉ោយប៉ែតសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេតកំណត់មុខសញ្ញាជនល្មើសជាឃាតករនោះបានហើយគឺជាជនជាតិចិនមានគ្នា៥នាក់ចូលធ្វើសកម្មភាព យកកន្សែងបិទខ្ទប់ច្រមុះ និងមាត់ជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ ។ ជនសង្ស័យជាឃាតករបានរត់គេចខ្លួនបាត់អស់ហើយសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យកំពុងតាមស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
បើតាមប្រភពព័ត៌មានពីនគរបាលប្រាប់ឲ្យដឹងថា តាមការសន្និដ្ឋានបឋមជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជាឃាតករល្មួងមកលេងល្បែងកាស៊ីណូហើយធ្វើស៊ីជនរងគ្រោះតែម្តង ។
សូមរំលឹកថាកាលពីរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០១៨មានជនបរទេសម្នាក់ជាជនជាតិចិនបានដេកស្លាប់នៅសណ្ឋាគារកាស៊ីណូហ្គ្រេនដាយម៉ិនស៊ីធីសង្ស័យជាអំពើឃាតកម្មព្រោះលើរាងកាយជនរងគ្រោះមានស្នាមជាំ ជាច្រើនកន្លែង ។ ជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ សណ្ឋាគារហ្គ្រេនដាយម៉ិន លេខ៣០៤ ជាន់ទី៣ហើយសមត្ថកិច្ចជំនាញកម្ពុជាបានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងកោសល្យវិច័្ចយលើរាងកាយសពឃើញថាលើសពមានស្នាមជាំដែល ជាអំពើឃាតកម្ម ។
បើតាមប្រភពព័ត៌មានពីនគរបាលប្រាប់ឲ្យដឹងថាជនរងគ្រោះសមត្ថកិច្ចមិនស្គាល់ អត្តសញ្ញាណជនរងគ្រោះនោះទេ ។ ប៉ុន្តែសាកសពជនរងគ្រោះត្រូវបាននគរបាលដឹកបញ្ជូនយកទៅធ្វើកោសល្យវិច័្ចយបន្ថែមទៀតនៅក្រសួងមហាផ្ទៃ ។
សូមបញ្ជាក់ថាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាមានវត្តមានជនជាតិចិនជាច្រើននាក់បានមករកស៊ីវិនិយោគនៅក្រុងប៉ោយប៉ែត ។ ក្រុងប៉ោយប៉ែតត្រូវបានគេចាត់ទុកថាជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុងព្រះសីហនុដែលមានជនជាតិចិនមករកស៊ីវិនិយោគច្រើនជាងគេនោះ ៕ សំ វិច្ឆិកា