ប្រជានេសាទក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា មកដល់ពេលនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងរាលដាល ព្រោះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតតែពីរឿងប្រមូលលុយពីបទល្មើសនេសាទយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។
ប្រភពបានឲ្យដឹងទៀតថា លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង កំពុងប្រើតួនាទី និងអំណាចប្រមូលលុយពីបទល្មើសនេសាទ។ ការដែលលោក ហួន ផល និងលោក ហុក ម៉ន់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។
ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងឃុំពាមបាង ស្រុកស្ទោង បានឲ្យដឹងទៀតថា មានជនជាតិវៀតណាម២នាក់ឈ្មោះ ហេង និងឈ្មោះ ខេង ប្រើឧបករណ៍ខុសច្បាប់ប្រភេទរុញស៊ីបនៅខាងមុខស្នាក់ការសង្កាត់រដ្ឋបាលជលផលពាមបាងតែម្តង ហើយមិនឃើញលោក ហួន ផល និងលោក ហុក ម៉ន់ ចាត់វិធានការបង្ក្រាបឡើយ។
ប្រភពខ្លះបានឲ្យដឹងថា ដោយសារជនជាតិវៀតណាមទាំង២នាក់បង់លុយឲ្យលោក ហួន ផល និងលោក ហុក ម៉ន់ តាមការកំណត់ទើបពួកគេអាចប្រើឧបករណ៍ចាប់ត្រីក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ កំពុងឃុបឃិតបើកដៃឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួននៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ប្រមូលលុយពីបទល្មើសនេសាទយកទៅចែកគ្នាធ្វើមានធ្វើបានដោយគ្មានញញើតអ្វីទាំងអស់។ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំ កើតឡើងយ៉ាងពេញបន្ទុកបើទោះបីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ធ្វើការព្រមានកាលពីពេលថ្មីៗកន្លងទៅនេះយ៉ាងណាក៏ដោយ។
កន្លងមកប្រជាពលរដ្ឋរិះគន់ថាការបង្ក្រាបបទល្មើសនេសាទរបស់សមត្ថកិច្ចពាក់ព័ន្ធពុំមានប្រសិទ្ធភាពនោះទេ ព្រោះគេបង្ក្រាបតែបទល្មើសតូចតាចហើយបណ្ដោយឲ្យបទល្មើសទ្រង់ទ្រាយធំកើតឡើងយ៉ាងរាលដាលដដែល៕