ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមប្រដាប់ ដោយដាវសាំម៉ូរ៉ៃបានមកធ្វើសកម្មភាពគំរាម កាប់រួចប្លន់យកម៉ូតូហុងដាមួយគ្រឿង ពីយុវជនមួយក្រុមមានគ្នា៥នាក់ បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨
នៅមុខសណ្ឋាគារហ្គោលឌិនអ៊ែបភល តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ម៉ន រស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខបរសិស្ស និងពុះដីឡូត៍លក់នៅម្តុំឃុំទួលព្រិច ស្នាក់នៅសង្កាត់គោគរការ ខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅស្រុកដងទង់ ខេត្តកំពត ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ ពួកគាត់ទើបនាំគ្នាមកពីចូលក្លឹបនៅម្ដុំត្រឡោកបែក ដោយមានគ្នា៥នាក់ ក្នុងនោះមានស្រីម្នាក់ និងប្រុស៤នាក់ ជិះម៉ូតូពីរគ្រឿង រូបគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០០៦ ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-8402 មានគ្នា៣នាក់ ប្រុស២ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សុី ក្នុងទិសដៅបពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង ជិះមកពីក្រោយ បានឆក់ទូរសព្ទពីនារីម្នាក់ដែលជិះម៉ូតូមួយគ្រឿងគ្នា២នាក់ជិះក្រោយ តែឆក់មិនបាន ហើយបានស្រែកឲ្យមិត្តភក្ដិនៅខាងមុខ៣នាក់ឲ្យឈប់ បន្ទាប់មកជនរងគ្រោះខាងលើ បានឈប់ម៉ូតូមិនបានពន្លត់ម៉ាស៊ីនម៉ូតូទេ ក៏ត្រូវជនសង្ស័យបានយកដាវសាំម៉ូរ៉ៃ និងដំបងមកគំរាមហើយឡើងជិះម៉ូតូទៅបាត់តែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានមកដល់ចំណុចកើតហេតុភ្លាមៗផងដែរ ហើយបាននាំជនរងគ្រោះទៅដាក់ពាក់បណ្ដឹង ដើម្បីងាយស្រួលកំណត់មុខសញ្ញា ៕ សុខាសែនជ័យ