ភ្នំពេញ៖ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញឲ្យមានការរីកចម្រើន ស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល អាជ្ញាធរខណ្ឌច្បារអំពៅ សហការជាមួយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ទីរសាធារណៈរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំង ដែលត្រូវស្ថាបនាចំណតផ្លូវទឹកមួយកន្លែងនៅចំនុចទន្លេបាសាក់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
តាមគម្រោងរបស់សាលារាជធានីភ្នំពេញ ចំណតនាវានេះនឹងចាប់ផ្តើមដំណើរការស្ថាបនាចាប់ពីខែមីនា រហូតដល់ដំណាច់ឆ្នាំ២០១៨ ដោយចាក់បេតុងតភ្ជាប់ពីផ្លូវលេខ៣៦៩ទៅដល់មាត់ទន្លេបាសាក់ ។ ពេលនេះក្រុមការងារបានបញ្ជូនគ្រឿងចក្រមកដល់ទីតាំង ដែលត្រូវស្ថាបនាហើយ តែដោយសារអ្នករស់នៅអមសង្ខាងផ្លូវ ដែលត្រូវស្ថាបនាដាក់ឈើលក់រញ៉េរញ៉ៃបង្កការំខានដល់ក្រុមការងារ ពេលនេះអាជ្ញាធរខណ្ឌបានទុកពេល៣ថ្ងៃឲ្យអ្នកលក់ឈើទាំងអស់ រើឈើចេញពីទីតាំង ដែលត្រូវស្ថាបនាដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ចំពោះគ្រឿងចក្រនឹងបញ្ជូនមកបន្ថែមទៀត ដើម្បីជំរុញការស្ថាបនាឲ្យបានលឿន ៕ សណ្តោស