ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកបុរសម្នាក់ជិះម៉ូតូស្លាប់នៅនឹងកន្លែងរួចបើកគេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររថយន្តមិនស្គាល់អត្តសញ្ញាណបើកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង ហើយរថយន្តបានបើកគេចបាត់ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃ អង្គារ ៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែ មីនា ឆ្នាំ២០១៨នៅនៅចំណុចស្រែពាំង ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង1T-4436 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥។ ខណៈមកដល់ចំណុចកើតហេតុ ក៍មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបោះពួយយ៉ាងលឿនបានបុកបុរសជិះម៉ូតូយ៉ាងពេញទំហឹងបណ្តាលឱ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្តបានបើករត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះត្រូវគេស្គាល់អត្តសញ្ញាណឈ្មោះ ផល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅចំណុចក្រសាំងភ្នៅភូមិសំឡាញ ឃុំក្រពើពីរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុនិងបាន ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្កនិងរថយន្តដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន ៕ ប៉ឹម ពិន


ចែករំលែក៖