ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវបុរសជាសង្សារច្របាច់កសម្លាប់នៅក្នុងបន្ទប់ជួល

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ត្រូវបុរសជាសង្សារច្របាច់កសម្លាប់នៅក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០ នាទី ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលជាន់ទី៦ បន្ទប់លេខ២៦z ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សាកសពរបស់នារីរងគ្រោះមានឈ្មោះ នង ចន្ទ្រា អាយុ២៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត ភូមិអាស្ទាំង ឃុំ អង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ដោយឡែកជនសង្ស័យ ឈ្មោះ សែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមសម្ដីមិត្ដភក្តិនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី០៦ ខែឆ្នាំដដែលជនសង្ស័យបានខលទូរស័ព្ទហៅ នារីរងគ្រោះមកលេងក្នុងបន្ទប់កើតហេតុខាងលើនេះ ស្រាប់តែមិនឃើញចុះទៅបន្ទប់ខ្លួនវិញ ភ្លាមៗនោះមិត្ដភក្តិនារីរងគ្រោះបានយករូបថតរបស់ជនសង្ស័យមកសួរម្ចាស់ផ្ទះ ទើបម្ចាស់ផ្ទះប្រាប់លេខបន្ទប់ជួលរបស់ជនសង្ស័យ ហើយមិត្ដភក្តិនារីរងគ្រោះបានឡើងមកមើលក៏ឃើញនារីរងគ្រោះដេកស្ដូកស្ដឹងមិនដឹងខ្លួន ទើបមិត្ដភក្តិនារីរងគ្រោះបានចុះទៅហៅម្ចាស់ម្ចាស់ហៅសន្ដិសុខមកដោះកញ្ចក់រួចដោះកន្លះទ្វារចូលទៅខាងក្នុងបានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថតែម្ដង ។ ចំណែកនារីរងគ្រោះបានសម្លាប់បាត់បង់ជីវិតទៅហើយ ។

ប្រភពដដែលបានបន្ដថា នារីរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលមួយឆ្នាំមកហើយ តែធ្លាប់បែកគ្នាទើបតែត្រូវគ្នាទាក់ទងគ្នាធម្មតាទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ។ ដោយឡែកសពនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យ ហើយធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ តាឡឹម


ចែករំលែក៖