ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីជួបជុំមិត្តភក្តិជិះម៉ូតូបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូចេញពីជួបជុំផ្ទះមិត្តភក្តិហើយបានជ្រុលបុកដើមឈើនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃពុធ ៦រោច ខែផល្គុន  ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៣២៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ខែប រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក ហាង CK ស្នាក់នៅបន្ទប់ជួលនៅជិតអង្គតែនទួលគោក មានស្រុកកំណើតនៅ ឃុំញ៉ែងញ៉ង ស្រុកត្រាំងកក់ ខេត្តតាកែវ ។ ជិះម៉ូតូម៉ាក CB ប្រភេទរថយន្តធន់ធំ ពណ៌កណ្តោប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 1DC 4011 ។
តាមសម្តីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៥នាក់ជួបជុំគ្នានៅផ្ទះមិត្តភក្តិម្នាក់ទៀត នៅម្តុំផ្សារដីហុយដោយបានផឹកស្រាបៀរអស់ចំនួនកន្លះកេះ បន្ទាប់មក ក៏បែកគ្នាទៅផ្ទះរៀងខ្លួនដោយរួបគាត់និងជនរងគ្រោះជិះម៉ូតូម្នាក់មួយគ្រឿងផ្សេងគ្នាមុខ និងក្រោយ លុះពេលមកដល់ចំណុចកើតហេតុ ខណៈដែលរូបគាត់ជិះទៅមុនចំងាយប្រហែល៤០ម៉ែត្រពីគ្នាស្រាប់តែលឺសំលេងរោន៍ម៉ូតូពេលនោះរូបគាត់ក្រឡេកមើលឃើញជនរងគ្រោះជ្រុលទៅបុក និងដើមឈើហើយបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត។
សាក្សីដដែលបានបន្តថា ភ្លាមនោះរូបគាត់បានមកមើលឃើញជនរងគ្រោះដេកលែងដឹងខ្លួនទើបខលហៅរថយន្តសង្គ្រោះដើម្បីមកទទួល តែក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានបាក់កស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖