ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសRX330បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ីសRX330មួយគ្រឿង បានបើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យ កល់ជាប់ទៅមុខលែងរួច និងរងការខូចខាតអស់ចំនួន៣កង់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅមុខផ្សារទំនើបអុីអន តាមបណ្តោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q 1201 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុក នឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានចុះគេចខ្លួនបាត់ ចំណែករថយន្តត្រូវបានសមត្ថកិច្ចទាក់ទងជំនាញចរាចរណ៍ជើងគោក រាជធានីភ្នំពេញមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖