ភ្នំពេញ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង បន្ទាប់ពីចេញជប់លៀងជាមួយមិត្តភក្តិ ហើយស្រវឹងស្រាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបូរីប៉េងហួត តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោត្ដន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សោម សុីមន ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកកំណើត ភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកពីជុបលៀងជាមួយមិត្តភក្តិ ។ លុះមកដល់កើតហេតុខាងលើបានបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាលេខ កណ្តាល1C-0155 បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត បំណងត្រឡប់ទៅផ្ទះ ខណៈមកចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យបោកក្បាលនឹងថ្នល់បែកធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌច្បាអំពៅ រង់ចាំសាច់ញាតិមកទទួលត្រឡប់យកទៅផ្ទះវិញ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ