ខេត្តឧត្តរមានជ័យ៖ មេឈ្មួញរកស៊ីបទល្មើសឈើ វ័យក្មេងល្បីឈ្មោះ ឆាយ ដែលបានល្បីឈ្មោះ ជាង10ឆ្នាំ នៅក្នុងខេត្តឧត្តរមានជ័យ នោះកំពុងល្បីថា មានលោក ឧត្តមសេនីយ៍ម្នាក់នៅពីក្រោយជាខ្នងបង្អែក ដែលកំពុងល្បីថា បានបន្ដាក់ទុន និងកៀងគរពលរដ្ឋ ឲ្យចូលកាប់បំផ្លាញព្រៃឈើ នៅក្នុងដែជម្រកសាត្វព្រៃគុលេនព្រហ្មទេព យកមកលក់ឲ្យខ្លួន និងដឹកជញ្ជូនយកទៅចែកចាយនៅតាម ដេប៉ូ នៅក្នុងខេត្តសៀមរាប និងដេប៉ូ របស់ខ្លួននៅក្នុងស្រុកវ៉ារិន។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ទៀបភ្លឺថ្ងៃទី7ឈ្មោះឆាយ បានយករថយន្ដ កូរ៉េឆ្នៃតទ្រុង របស់ខ្លួន ទៅលើកដឹកជញ្ជូន ឈើ ពីផ្ទះ តាដន និងតាប៉ាវ នៅក្នុងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយស្រុកត្រពាំងប្រសាទខេត្តឧត្តរមានជ័យ ដោយដឹកជញ្ជូនពីស្រុកត្រពាំងប្រាសាទ ចូលទៅស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ឈ្មោះឆាយបាន កៀងគរពលរដ្ឋ នៅក្នុងភូមិទំនប់ខ្នុរ ភូមិថ្នល់កែង និងភូមិ ត្រាំប៉ោង ក្នុងនោះឈ្មោះ ឆាយ បានដាក់ឲ្យឈ្មួញកណ្ដាល 1-ឈ្មោះ តាដន 2-ឈ្មោះតាប៉ាវ 3-ឈ្មោះយាយញ៉រ 4- ឈ្មោះតាប៉ៃលិន 5-ឈ្មោះ តារ៉ុង 6-ឈ្មោះ ថ្នោត។
ជាមួយគ្នានេះក៏ល្បីថា ឈ្មួញកណ្ដាលទាំង៦នាក់ខាងលើ ដែលបានប្រមូលទិញឈើឲ្យថៅកែ ឆាយ ល្បីថា បានកៀងគរពលរដ្ឋរាប់រយនាក់ ចូលទៅកាត់អារឈើនៅក្នុងតំបន់បរិស្ថាន ដែនជម្រកសាត្វព្រៃគូលេន ព្រហ្មទេពក្នុងស្រុកត្រពាំងប្រាសាទទាំងមូល ហើយធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងរលូន ក្នុងរយះកាលជាងដប់ឆ្នាំរហូត មកដល់បច្ចុប្បន្ន នេះគឺមិនដែលមានអាជ្ញាធរ ឬសមត្ថកិច្ចណាបង្ក្រាបម្ដងណាឡើយ ។
រហូតមកទល់នឹងពេលនេះ តំបន់ដែនជម្រក ដែលសំបូរទៅដោយព្រៃឈើស្រោងបានក្លាយជាវាលរហោឋានអស់ទៅហើយ នេះក៏ដោយសារតែអំណាចលោកឧត្តមសេនីយ៍ម្នាក់ ដែលឈ្មោះ ឆាយ ស្រវាយកមកអែបខ្លួន ធ្វើជាខ្នងបង្អែក និងជាអាវក្រោះសម្រាប់ការពារបទល្មើសឈើឲ្យខ្លួន ទើបធ្វើឲ្យមេឈ្មួញឈើឈ្មោះឆាយ ទទួលបានភាពជោគជ័យ នៅក្នុងមុខជំនួញបទល្មើសឈើ និងក្លាយជាអ្នកមានស្ដុកស្ដម និងចៀសផុតពីសំណាញ់ច្បាប់។
ពលរដ្ឋកំពុងតែចង់ឃើញ និងរង់ចាំមើលថា តើនៅពេលណា ទើបអាជ្ញាធរ និងអ្នកច្បាប់នៅខេត្តឧត្តរមានជ័យ ចាត់ការ និងផ្តន្ទាទោសទៅលើមេឈ្មួញបទល្មើសឈើរូបនេះ ៕ ប៉ែន នួន