ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៧

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ញើញចូលរួមពី បណ្តាភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ជាពិសេសបណ្តាញអ្នកធ្វើការងារ ទាក់ទងនឹងសិទ្ធិស្ត្រី។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីរីករាយ និង អបអរសាទរចំពោះ ទិវាអន្តរជាតិនារី ៨ មីនា នៅកម្ពុជានាឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះប្រធានបទនេះ ពីព្រោះប្រធានបទនេះ គឺបានរំលេចអំពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សុខសន្តិភាព បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ កម្ពុជា ជាង២ទស្សវត្សចុងក្រោយនេះ មានកំណើនសេដ្ឋកិច្ចកើនឡើងគួរអោយកត់សំគាល់ ជាពិសេសវិស័យឧស្សាហកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចនេះ ក្នុងនោះស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពរីចម្រើននេះផងដេរ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយគាំពារសង្គម ហើយដែលគោលនយោបាយនេះ ក៏បានរួមចំណែកជួយដល់ស្ត្រីជាច្រើនផងដែរ ដូចជាទទួលបានសេវាសុខភាពតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ការទួលបានសាច់ប្រាក់ពេលសំរាល ការទទួលបានប្រាក់ខែ១២០ % ពេលឈប់សំរាកឆ្លងទន្លេរួមនិងអត្ថប្រយោជន៍ផ្សេៗជាច្រើនទៀត។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានផ្តល់ឱកាសដល់ស្ត្រីច្រើនផងដែរក្នុងការបំរើការងារ តាមស្ថាប័នរដ្ឋ និងឯកជននា ជាពិសេសបច្ចុប្បន្ន ស្រី្តក៏មានតួនាទី ជាអភិបាលខេត្ត រដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ជាដើម។ សម្តេចតេជោមានមានប្រសាសន៍ បញ្ជាក់ថា ស្ត្រីមិនមែនមានសិទ្ធិត្រឹមតែ១ថ្ងៃនេះទេ គឺមានជារៀងរាល់ថ្ងៃ ដូច្នេះការចូលរួមជួយដល់ស្ត្រីគឺជាភាពចាំបាច់មួយក្នុងការជំរុញអោយស្រ្តីបានចូលចំណែក ក្នុងកិច្ចការងាជាច្រើនដូចបុរសដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការអំពាវអោយមានការចូលរួមពីស្រ្តីបន្ថែមទៀតក្នុងកិច្ចការងារមួយចំនួន ដូចជាក្នុងតំណែងជារដ្ឋលេខាធិការ ជាដើម ប៉ុន្តែការដាក់មុខតំណែងដល់ស្ត្រីនោះ មិនគ្រាន់តែដាក់ដើម្បីតែបង្គ្រប់កិច្ចនោះទេ គឺត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារនោះ ។ ជាមួយគ្នានោះ សម្តេចក៏សូមអោយ អោយមានការបណ្តុះ បណ្តាលចំណេះដឹង ដល់ស្រ្តីបន្តែមទៀត ដើម្បីពង្រឹងចំណេះស្ត្រីអោយខ្លាំងក្លា ហើយសម្តេចតេជោ ក៏សូម អំពាវនាវ ក្រសួងពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងនិតិរដ្ឋ ចូលរួម ថែរក្សាសន្តិភាព ទប់ស្កាត់ការជួញដូរកុមារ និងចូលរួមធ្វើអោយភូមិឃុំមានសុវត្តិភាព។

ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងទិវាអន្តរជាតិនារី៨មីនា នេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរស្រ្តីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខចម្រើន គ្រប់ៗគ្នា ។ នាឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជូនបាច់ផ្កាដ៏ស្រស់ស្អាត ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបរិយាកាសរីក រាយក្រៃលែងផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖