ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ ដោយសារតែអំពើហិង្សានៅក្នុងគ្រួសាររបស់អ្នកដទៃ ត្រូវឪពុកចិត្តអប្រិយ៍យកកាំបិតផ្គាក់គប់ទៅលើកូនប្រុសតែខុស បែរជាទៅត្រូវក្មេងប្រុសកំពុងជិះកង់ទៅវិញ បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកជនបង្កត្រូវឪពុកម្តាយក្មេងប្រុសរងគ្រោះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។
ករណីនេះបានកើតឡើងនៅរសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ កុមារារងគ្រោះ មានឈ្មោះ ថន ភារម្យ អាយុ៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះ ហ៊ុត សាវឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល វរការពាព្រំដែន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ហេតុដែលនឹកស្មានមិនដល់នេះត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា គឺផ្តើមចេញពីក្រុមគ្រួសាររបស់ជនសង្ស័យមានជម្លោះពាក្យសំដីជាមួយកូនប្រុស ឃើញឪពុកខឹងខ្លាំងពេកកូនប្រុសក៍ដើរចេញទៅក្រៅបាត់ ។ ដោយទប់កំហឹងមិនបានជនសង្ស័យបានស្ទុះទៅយកកាំបិតផ្គាក់ដងឫស្សីមានប្រវែង១ម៉ែត្រគប់ទៅលើកូនប្រុសរបស់ខ្លួនតែមិនត្រូវនោះឡើយ បែជាទៅត្រូវក្មេងប្រុស អាយុ៣ឆ្នាំ ដែលកំពុងតែជិះកង់លេងនៅលើផ្លូវ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ។ ក្រោយបង្កហេតុឪពុកម្តាយក្មេងប្រុសរងគ្រោះបានចាប់ខ្លួនជនបង្កប្រគល់ឲ្យនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះនៅអធិការនគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកក្មេងប្រុសរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ៕ សណ្តោស