ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ក្រឡុក​ស៊ី​ម៉ង់​ត៍​​បុក​ម៉ូតូ​ហើយ​ទៅ​បុក​ឡាន​កែ​ឆ្នៃ​បណ្ដាល​ស្លាប់​ស្ត្រី​ម្នាក់​ និង​របួស​២នាក់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ប្រភពព័ត៌មាន​ពីមន្ត្រីនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨​ វេលាម៉ោង​ ១០និង២០នាទី​ព្រឹក លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ២០២-២០៣​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ្ញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាងរថយន្ត​១គ្រឿង​ ពណ៌​ក្រហម​ គ្មានស្លាកលេខ​ សណ្តោង​រឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ ដែលមាន​ទិសដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះ​ដល់ចំណុចខាងលើ​ បាន​បុក​ម៉ូតូ​ ១គ្រឿង​ម៉ាក​ HONDA C125 ពណ៌ ខ្មៅស្លាក លេខ​ ភ្នំពេញ​ 1AB-4498​ ជិះ​គ្នា​២នាក់​ បន្ទាប់​មក​ក៏​ជ្រុល​ចង្កូត​ចូល​ទៅ​បុក​រថយន្ត​កែឆ្នៃ​១គ្រឿង​ទៀត​ ដឹក​ដើម​កាស្យា​ កំពុង​ឈប់​ចាក់​ទឹក​ នឹង​ត្រូវ​ចំ​ស្ត្រី​ម្នាក់​ទៀត​ កំពុង​ចាក់​ទឹក​រថយន្ត​ឈ្មោះ​ ជ្រិច​ អាយុ​ជាង​៤០ឆ្នាំ​ មានទីលំនៅ​ ភូមិ​តានៃ​ ឃុំ​តានៃ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ បណ្ដាល​ឲ្យ​ស្លាប់។

អ្នកបើកបរ​រួមដំណើរលើ​រថយន្ត​កែឆ្នៃ​ និង​រងរបួស​ធ្ងន់​មនុស្ស​ចំនួន​២នាក់​អ្នកបើកបរ​ម៉ូតូ​ និង​អ្នករួមដំណើរលើ​ម៉ូតូ​ ។

អ្នកបើករថយន្ត​ក្រឡុក ​ស៊ីម៉ងត៍​​ រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។

រថយន្ត​ ចំនួន​២គ្រឿង​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់រង់ចាំដោះស្រាយនៅនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖