ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច និងម្នាក់ទៀតគេចខ្លួនបាត់ បន្ទាប់ពួកគេធ្វើសកម្មភាពភាពកាច់សោ.កម៉ូតូរបស់ជាងសំណង់មួយគ្រឿងបានសម្រេចបម្រុងជិះចេញទៅ តែត្រូវបានជាងសំណង់ដែលធ្វើការនៅទីនោះមកទាន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ សំណុយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិគោកកឡាំង ឃុំគោកក្តួច ស្រុកអង្គបូរី ខេត្តបន្ទាយមានជ័យ។
ចំណែកម៉ូតូដែលជនសង្ស័យដែលធ្វើសកម្មភាពកាច់សោ.កនោះម៉ាក zoomerx ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ កំពង់ស្ពឺ 1K 8892 ជាកម្មសិទ្ធិរបស់ឈ្មោះ សេក រតនា ភេទប្រុស អាយុ២១ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានយកម៉ូតូមកទុកក្នុងបន្ទប់ក្នុងការដ្ឋានសំណង់ចាក់សោ.កត្រឹមត្រូវ តែមិនបានបិទទ្វារបន្ទប់ទេ ព្រោះផ្ទះមិនទាន់ធ្វើរួចរាល់ ដោយមិនទាន់ដាក់កន្លះទ្វារ ហើយរូបគាត់ ក៏ឡើងទៅធ្វើការសំណង់នៅឯជាន់លើបាត់។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានអ្នកធ្វើការសំណង់ជាមួយគ្នា ប្រាប់ថា មានចោរលួចម៉ូតូខ្លួនទើបចុះមកមើលឃើញប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ ចំណែកម៉ូតូឃើញមានស្នាមបុកទម្លុះសោ.កបែកគ្រាប់អស់ទៅហើយ។
បើតាមសម្តីបុរសម្នាក់ជាជាងសំណង់ដូចគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចុះពីធ្វើការខាងលើដោយមករកទឹកផឹក ពេលចុះមកដល់ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់សោ.កម៉ូតូអ្នកធ្វើការជាមួយ ពេលនោះទើបស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ឋានដែលនៅក្បែរដេញចាប់បានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទាន់នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ