ខេត្តកណ្តាល៖ អាចចាត់ទុកថាជាឧប្បត្តិហេតុក៏ថាបាន ឬចាត់ទុកទុកថា ជាការធ្វេសប្រហែសរបស់អ្នកសាងសង់ ក៏ថាបាន នៅពេលដែលគេបានឃើញខ្លោងទ្វារដ៏ធំមួយ ដែលគេសាងសង់កាត់ទទឹងថ្នល់ ផ្លូវជាតិលេខ២ ដើម្បីអបអរសាទរបុណ្យទន្លេ នៅក្រុងតាខ្មៅបានដួលរលំទាំងស្រស់សង្កត់លើ រ៉ឺម៉កមួយគ្រឿងកំពុងធ្វើដំណើរឆ្លងកាត់បណ្តាលឲ្យរបួសមនុស្សម្នាក់។
ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃ សៅរ៍ ៩ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រជាពលរដ្ឋដែលឃើញឧប្បត្តិហេតុនេះ បាននាំគ្នាយកដៃទះទ្រូង ព្រោះឃើញការធ្វេសប្រហែសរបស់អ្នកធ្វើខ្លោងទ្វារធំមួយនេះឲ្យរួចតែពីដៃ និងហាក់មិនទទួលខុសត្រូវ គិតតែយកលុយដាក់ហោប៉ៅ ទោះគ្រោះថ្នាក់ដល់អ្នកណាក៏គ្រោះថ្នាក់ទៅគេមិនខ្វល់។
ខ្លោងទ្វារធ្វើពីដែកបាំងរំលេចដោយក្តាររចនាមួយនេះមានទំហំធំ និងទម្ងន់រាប់រយគីឡូក្រាម ចាត់ទុកជាសំណាងហើយដែលរលំសង្កត់តែលើរ៉ឺម៉កមួយគ្រឿងនិងរបួសតែមនុស្សម្នាក់នោះ ប្រសិនបើមានរថយន្តឆ្លងកាត់ច្រើនគ្រឿងវិញ មិនដឹងមានមនុស្សប៉ុន្មាននាក់ទេដែលរងរបួសក្នុងឧប្បត្តិហេតុនេះ ។
ប្រជាពលរដ្ឋនាំគ្នាសួរថា តើឧប្បត្តិហេតុនេះ អ្នកណាជាអ្នកទទួលខុសត្រូវ ? ៕ ប្រាថ្នា