ខេត្តបាត់ដំបង៖ លោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីប្រកាសបញ្ចូល សមាជិកសមាជិកាបក្សប្រជាជនកម្ពុជាថ្មីចំនួន១៥៣នាក់ ដែលពួគគាត់ជាអតីតសកម្មជនមកពីអតីតបក្សប្រឆាំងសង្រ្គោះជាតិ
ពិធីនេះប្រារព្ធធ្វើលោះងនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រធាន អនុប្រធានគណបក្សស្រុកបាណន់ ប្រធាន អនុប្រធានគណបក្សឃុំ ក្រុមប្រឹក្សា ស្រុក ឃុំ សកម្មជន យុវជន សាខាបក្សភូមិ និងសមាជិក សមាជិកា បក្សមកពីភូមិទាំង១០សរុបជិត២០០នាក់ ។
លោកហែម ថេង បានអបអរសាទរ និងស្វាគមន៍អតីតសមាជិកគាំទ្របក្សប្រឆាំងចំនួន១៥៣នាក់ យ៉ាងរីករាយបំផុត ខណ:ពួកគាត់បានយល់ច្បាស់ពីគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ច្បាស់លាស់ ត្រឹមត្រូវ ហើយបានសម្រេចចិត្តមកចូលរួមរស់ជីវភាពនយោបាយជាមួយ CPP នៅឃុំភ្នំសំពៅ ស្រុកបាណន់ ដោយសារតែអតីតមេបក្សពួកគាត់ បានរួមគំនិតជាមួយបរទេសក្បត់ជាតិ រហូតត្រូវបានរំលាយចោលដោយតុលាការកំពូល តាមច្បាប់គណបក្សនយោបាយរបស់ប្រទេសកម្ពុជានាពេលកន្ងមក ។
លោកបានបញ្ជាក់ថា «ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស បានដឹកនាំ និងរៀបចំប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យបងប្អូនអតីតសមាជិកគាំទ្របក្សប្រឆាំង បានមើលឃើញពីគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ CPP ក៏បានសម្រេចចិត្តមកចូលរួមរស់ជីវភាព នយោបាយជាមួយយើងជាលើកទី២បន្ថែមទៀត»។
លោកបានបន្តថា គោលនយោបាយ CPP បានដាក់ចេញនូវគោលនយោបាយថ្មីៗ តាមរយ:មហាសន្និបាតរបស់បក្ស ដែលជាទិសដៅធំធ្វើឲ្យការគ្រប់គ្រងការងារបក្សខេត្ត ស្រុក ឃុំ ភូមិ យកទៅអនុវត្តតាមស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋាន ក្នុងខ្លឹមសារមហាសន្និបាតមានចំណុចសំខាន់បំផុតមួយ គឺ បានណែនាំថា គ្រប់ក្រុមការងារ គ្រប់ថ្នាក់ គ្រប់ផ្នែក សូមឲ្យខិតខំរួមសាមគ្គីគ្នាជាមួយសមាជិក សមាជិការបក្ស ទាំងអ្នកថ្មី និងអ្នកចាស់ គឺជាគ្រួសារតែមួយ នាំគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សតទៅ។ នៅក្នុងសន្និបាតបក្សសម្តេច ក៏បានបញ្ជាក់ធ្ងន់ៗថា សុខសន្តិភាពនេះ គឺសម្តេចតេជោ បានខិតខំដណ្តើមយកវិញ ដោយបានដោយឆ្លងកាត់ឧបសគ្គ និងមានការលំបាកយ៉ាងខ្លាំង ទម្រាប់បានដូចសព្វថ្ងៃនេះ។
បន្ទាប់មកតំណាងសមាជិកគណបក្សថ្មីទាំងអស់បានសម្តែងអំណរសាទរដែលគណបក្សប្រជាជនមានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍប្រទេសរីកចម្រើន និងបានទទួលពួកគាត់ជាសមាជិកថ្មី ព្រមទាំងបាន
ស្បថធ្វើសច្ចាប្រណិធាន និងធ្វើការប្តេជ្ញាចិត្តគាំទ្រ ដើរតាមគោលនយោបាយបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេដើម្បីសុខសន្តិភាព និងវឌ្ឍនភាពមូលដ្ឋានយើងទាំងអស់គ្នាតទៅគ្មានថ្ងៃងាករេឡើយ ៕ ប្រាថ្នា