ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបុកក្បាលនាគចែកទ្រូងផ្លូវស្ពានប្រសូតិស្រុកស្វាយទាបផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តហ្វុយស៊ូដឹកដីមួយគ្រឿង សង្ស័យម្ចាស់ងងុយដេក ស្រាប់តែរេចង្កូតទៅបំបុកក្បាលនាគពុះចែកទ្រូងផ្លូវត្រង់ចំណុចគល់ស្ពានប្រសូតិចុងខាងកើតយ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឲ្យអ្នកភូមិកំពុងសេកលង់លក់ផ្អើលឆោឡោរត់ចេញមកមើលទាំងភិតភ័យគ្រប់ៗគ្នាកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប​ ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ ក្រោយពេលកើតហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តម៉ាក​ ហ្វុយស៊ូសណ្តោងបែនដឹកដី ពណ៌សលាយ ខៀវ ស្លាក​លេខ ស្វាយរៀង ៣A-០៥៥៥ ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងស្លាក​លេខស្វាយរៀង៣A-០៥៥៥ បើកបរដោយបុរសម្នាក់ធ្វើដំណើរពីកើតមកលិច ខណៈមកដល់ត្រង់ចំណុចកើតស្ពានប្រសូតិខាងលើ សង្ស័យងងុយដេក ស្រាប់តែរេចង្កូតមកស្តាំដៃបុកចំកណ្តាលគល់នាគទ្រូងផ្លូវយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយមក អ្នកបើកបរបានចេញពីក្នុងរថយន្តទាំងរងរបួសស្រាលរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តនៅនិងកន្លែងប្រមាណ១០នាទីសមត្ថកិច្ចបានមកដល់ និងដាក់ស្លាកសញ្ញាចរាចរណ៍សម្គាល់បន្ថយល្បឿន និងយាមកាមពេញមួយយប់ ។

តាមអ្នកភូមិបានឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅចំណុចកន្លែងស្ពានប្រសូតិនេះ គឺមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញប់ដោយសារគ្មានដាក់ភ្លើងបំភ្លឺផ្លូវ ឬដាក់ស្លាកសញ្ញាឲ្យច្បាស់លាស់ និងផ្ទាំងផ្លាតហើយករណីនេះពិតជាសំណាងណាស់ដែលរថយន្តបុកក្បាលស្ពានប្រសូតិ ខណៈមិនបង្កការគ្រោះថ្នាក់អ្វីដល់អ្នកភូមិ ក៏ដូចជាផ្ទះសម្បែងព្រោះនៅឆ្ងាយពីគ្នាប្រមាណ១០ម៉ែត្រប៉ុណ្ណោះ។

លុះព្រឹកឡើងសមត្ថកិច្ចនគរបាលបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកស្វាយទាប រង់ចាំម្ចាស់មកដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖