ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់បានរងរបួសបែកក្បាលហូឈាមធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងនឹងកន្លែង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តច្នៃបត់ឆ្វេងខ្វះប្រុងប្រយត្ន័ បុកជាមួយម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងលាជ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមមន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងស្រីដែលរងរបួសធ្ងន់មានឈ្មោះ យិន ស្រីកា អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ចំណែកបុរសបើកគោយន្ដកែច្នៃ ពណ៌ខៀវ មាន ឈ្មោះ ប៊ុន នាក់រា ភេទប្រុសអាយុ ២៣ឆ្នាំ រស់ភូមិជាមួយគ្នា ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានក្មេងស្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខដោយធ្វើដំណើរពីជើងទៅត្បូង ខណៈនោះស្រាប់តែមានគោយន្ដកែច្នៃ ពណ៌ខៀវ បត់ឆ្វេង ខ្វះការប្រុងប្រយត្ន័បញ្ច្រាសទិសគ្នា ក៏បុកពេញទំហឹងបណ្ដាលឲ្យក្មេងស្រីធ្លាក់ពីលើម៉ូតូដួលបោកក្បាលធ្ងន់ធ្ងរសន្លប់ នឹងកន្លែង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានយកក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ និងវាស់វែងព្រមទាំងអូដយក ម៉ូតូ និង គោយន្តឆ្នៃមក រក្សាទុក នៅប៉ុស្ត៏រដ្ឋបាល ព្រះពន្លា ដោះស្រាយតាមច្បាប់ ៕ យឹម សុថាន