ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅ ចរាចរណ៍ហើយបានឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យភាគីម្ខាងស្លាប់នៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចច្រមុះជ្រូងស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សៀវ វីន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅផ្លូវឧកញ៉ាម៉ុង រិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត គេបានឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GT 9942 ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជិះឆ្លងផ្លូវភ្លាមនោះស្រាប់តែមានម៉ូតូម៉ាកlets ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CM 7570 បើកបរដោយបុរសម្នាក់ និងបុរស២នាក់ទៀត រួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូPCX ស្លាប់នៅកន្លែងកើតហេតុ ចំណែកម្ខាងទៀតរងរបួសធ្ងន់ធ្ងរ រីឯម៉ូតូរងការខូចខាតទាំង២គ្រឿងតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ។
ដោយឡែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សុខាសែនជ័យ