ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ១២គ្រួសារទទូចដល់អាជ្ញាធរសុំរស់នៅលើដីជាកម្មសិទ្ធិស្របច្បាប់នៅតាមដងផ្លូវឆ្ពោះទៅវរៈការពារព្រុំដែន១០១

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ពលរដ្ឋជាង១០គ្រួសារ ទទូចសុំឲ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ ដល់ពួកគាត់រស់នៅ និងសុំបណ្ណ័កម្មសិទ្ធិស្របច្បាប់ នៅតាមដងផ្លូវឆ្ពោះទៅវរៈការពារព្រុំដែន១០១ ដោយពួកគាត់យល់ឃើញថាៈ ផ្លូវលំមួយខ្សែក្រាលក្រួសក្រហមនេះ ដែលទើបនឹងសាងសង់ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ច ផ្លូវជាប្រភពនៃការដឹកជញ្ជូនកសិផលរបស់ពលរដ្ឋ មានផ្លូវ ត្រូវមានពលរដ្ឋរស់នៅទីនោះឲ្យស្របទៅនឹងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង១៥នាទីព្រឹក ស្ថិតនៅចំណុចភូមិឧបស័ម្ព(អូរកាផា) ក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ដោយមានការតវ៉ាវាងប្រជាពលរដ្ឋ និងអាជ្ញាធរ មន្ទ្រីបរិស្ថាន និងអង្កការប៉ើតឡាញ បានដឹកនាំកម្លាំងចុះរុះរើផ្ទះរបស់ពួកគាត់មួយខ្នង ដែលទើបនឹងសាងសង់ថ្មីបន្តទៀត ធ្វើឲ្យពួកគាត់យំស្រែក កើតទុក្ខមិនសុខចិត្ត និងសុំឲ្យអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត សូមជួយដោះស្រាយ ឲ្យពួកគាត់ឲ្យបានទាន់ពេលវេលាផង ។

បើតាមការរៀបរាប់របស់ពួកគាត់បានឲ្យអ្នកយកព័ត៌មានដឹងដែរថាៈ ពួកគាត់មករស់នៅចំណុចទីតាំងខាងលើនេះ ជាប់ដងទន្លេ អស់រយៈកាលជាង១០ឆ្នាំហើយ ពេលនោះ ពួកគាត់ជួបការលំបាកខ្វះខាតស្បៀងអាហារ ខែវស្សាទឹកលិច រួមទាំងការធ្វើដំណើរទៅណា មកណាមិនមានផ្លូវដើរទេ ជាពិសេសទៅទៀតនៅពេលមានជំងឺម្តងៗ មិនបានទៅរកពេទ្យព្យាបាលឲ្យទាន់ពេលវេលានោះទេ ព្រោះដើរកាត់ព្រៃ សូម្បីតែរទេះគោ ក្របី ក៏ពិបាកក្នុងការធ្វើដំណើរដែរ។ ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ យកមកលក់នៅទីផ្សារនឹងគេម្តងៗ ជួបការលំបាកណាស់មកដល់ពេលនេះ រាជរដ្ឋាភិបាលបានសាងសង់ និងអភិវឌ្ឍន៍ផ្លូវបានស្អាតល្អហើយងាយស្រួលក្នុងការធ្វើដំណើរ ទើបពួកគាត់បន្លាស់ទីមករស់នៅកន្លែងថ្មី មានផ្លូវងាយស្រួលដល់ពួកគាត់ សព្វបែបយ៉ាង ម្យ៉ាងវិញទៀតវាក៏មិនឆ្ងាយពីភូមិចាស់ពួកគាត់ ហើយជាដីស្រែដីចំការពួកគាត់ផងដែរ។ ហេតុអ្វីទៅបានជាពួកគាត់មកសាងសង់ជាផ្ទះ ជាតូប ក្បែរដងផ្លូវលំ សម្រាប់លក់ដូរបន្តិចបន្តួច និងនៅជាប់នឹងផ្លូវថ្មីមួយខ្សែនេះ គ្រាន់បានដោះស្រាយជីវភាពក្នុងគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ ។

ពួកគាត់ក៏បានសំណូមពរដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ប្រធានកាកបាតក្រហមកម្ពុជា លោកតែងតែគិតគូរទីណាកូនចៅមានទុក្ខលំបាក ទីនោះតែងតែមានវត្តមានលោកទាំងពីរ។ ពួកគាត់សង្ឃឹមថា សម្តេចទាំងពីរ នឹងជួយដោះស្រាយ និងរកយុត្តិធម៌ ដល់ពួកគាត់ទាំង១២គ្រួសារនេះ ដែលគ្មានដីលំនៅឋាន និងដីសម្រាប់កសិកម្ម សូម្បីតែមករស់នៅជាង១០ឆ្នាំហើយ ក៏ដោយ ក៏គ្មានសិទ្ធិសង់លំនៅឋាន និងដាំដំណាំសម្រាប់គ្រួសារនិមួយៗ ក៏មិនបានផង ហើយពួកគាត់មករស់នៅទីនេះ លើសអនុសាសន៍របស់សម្តេចប្រាំឆ្នាំក្លាយជាកម្មសិទ្ធិស្របច្បាប់លើដីឡូត៍ និងកសិកម្មមួយនេះ។

លោកផាន់ យុត អភិបាល នៃគណៈអភិបាលស្រុកសៀមប៉ាង បានឲ្យដឹងថា តំបន់នេះជាតំបន់ហាមឃាត់ ហើយជាដែនជំរកសត្វស្លាប ការពារដោយអង្គការប៉ើតឡាញ វាអាចធ្វើឲ្យប៉ះពាល់ និងបាត់បង់ជំរករបស់សត្វស្លាបជាច្រើន ដែលកំពុងអភិរក្សសព្វថ្ងៃនេះ ហើយមិនអាចឲ្យសាងសង់លំនៅឋានបន្តទៀតបានទេ ហើយសមត្ថកិច្ចគេធ្វើនេះ ព្រោះតាមបញ្ជារបស់ខ្ញុំ ព្រោះពួកគាត់មករស់នៅអនាធិបតេយ្យ មិនបានសុំ ឬមានច្បាប់អនុញ្ញាតឲ្យនោះទេ ។

គួររំលឹកថា ដីនៅទីតាំងខាងលើ ធ្លាប់មានការបណ្តេញចេញម្តងរួចមកហើយ រហូតដល់មានការដុតផ្ទះពួកគាត់ចោលពីសំណាក់សមត្ថកិច្ច ការពារឲ្យអង្គការប៉ើតឡាញនេះផងដែរ ដោយមានការស្នើសំទៅលោកអភិបាលស្រុកចាស់ លោកស៊ឺ សួន ពីអង្គការមួយនេះ។ អង្គការប៉ើតឡាញនេះ ធ្វើឲ្យប្រជាកសិករ ក្នុងស្រុកសៀមប៉ាងទាំងមូល មានការខឹងសម្បារយ៉ាងខ្លាំង ព្រោះនៅរដូវប្រាំង ត្រពាំងបឹងបួរ ជាច្រើនបានរីងស្ងួតអស់ នៅសល់ត្រពាំងមួយចំនួន ដែលមិនទាន់រីង ត្រូវអង្គការមួយនេះមកហ៊ុំព័ទ្ធដោយខ្សែឆក់ មិនឲ្យគោ ក្របីប្រជាពលរដ្ឋ ចូលផឹកទឹកបានឡើយ ទើបកាលពីឆ្នាំទៅ ធ្វើឲ្យគោ ក្របី អ្នកស្រុកដាច់ទឹកងាប់ជាច្រើនក្បាល ស្អុយចោលពេញព្រៃ ធ្វើឲ្យជីវភាពពលរដ្ឋនៅទីនោះធ្លាក់ចុះក្នុងសភាពក្រីក្រមួយកម្រិត ក្នុងការប្រកបរបរកសិផល ក្នុងរដូវវស្សាចូលមកដល់ នោះ ៕ មាស សុផាត


ចែករំលែក៖