ភ្នំពេញ៖ យ៉ាងហោចណាស់យុវជនវ័យជាង២០ឆ្នាំ បានរងរបួសធ្ងន់ និងម្នាក់ទៀតបានស្លាប់ ខណៈដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោងរំលងឈានចូលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខមន្ទីរពេទ្យចុងស៊ីញ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុ បុរសម្នាក់សន្តិសុខបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញម៉ូតូ១គ្រឿងម៉ាក Air-Black ឌុបគ្នា៣នាក់ធ្វើដំណើរពីលិចមកក្នុងល្បឿនលឿនបំផុត ។ ចំណែកឯអ្នកជិះម៉ូតូ PCX ម្នាក់ឯងធ្វើដំណើរឆ្លងផ្លូវបញ្ច្រាសទិសពីត្បូងឆ្លងទៅជើង ចេញពីទីតាំង Net24H ហើយក៏ត្រូវគេបុកពេញទំហឹងតែម្តងដួលបោកក្បាលឈាមស្រោចពេញផ្លូវ ហើយភ្លាមៗនោះ រថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។ តែមួយសន្ទុះក្រោយមក ក៏ឃើញរថយន្តសង្គ្រោះត្រឡប់មកវិញ ហើយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានស្លាប់ហើយ។
ដោយឡែកសមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងដែរថា ជនរងគ្រោះដែលបាត់បង់ជីវិតនោះ ពុំត្រូវបានស្គាល់ឈ្មោះនោះទេ។ ជនរងគ្រោះជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GT-9942។ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត ត្រូវបានកំពុងសម្រាក់ព្យាបាលនៅមន្ទីរឯកជនសួគ៌ា ស្ថិតក្រោមការសង្គ្រោះបន្ទាន់ម្នាក់ផងដែរ ។ អ្នកទាំង៣នាក់នេះ ជិះម៉ូតូម៉ាក Air-Black ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CM-7570 ។
សមត្ថកិច្ចដដែលឲ្យដឹងទៀតថា ក្រោយពីធ្វើការវាស់វែងរួចម៉ូតូទាំង២គ្រឿង ត្រូវបានប្រគល់ឲ្យទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជាតិ ៕ តាឡឹម