ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធកម្ពុជា-ចិនមិនមែនជាការគំរាមកំហែងដល់ប្រទេសឬបុគ្គលណានោះទេ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានលើកឡើងថា សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកម្ពុជា នឹងចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ មិនមែនជាការគំរាមកំហែងដល់ប្រទេស ឬបុគ្គលណានោះទេ គឺធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងកងទ័ពនៃប្រទេសទាំង២ នឹងអបអរសាទរខួបអនុស្សាវរីយ៍ នៃការទំនាក់ទំនងការទួត៦០ឆ្នាំ រវាងប្រទេសកម្ពុជា នឹងចិនតែប៉ុណ្ណោះ។

សម្ដេចពិជ័យសេនាថ្លែងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៧ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺនឆ្នាំ២០១៨ សិស្សនាយទាហាន និងប្រកាសតែងតាំងនាយឧត្តមសេនីយ៍ ជា តារា ជា សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យការពារជាតិ។

“ចំពោះការហ្វឹកហ្វឺននេះ គឺមានទ្រង់ទ្រាយពិសេសជាងរាល់ឆ្នាំ តែយើងធ្វើសមយុទ្ធជាមួយចិននេះ ទើបតែលើកទី២ទេ ប៉ុន្តែលើកនេះ មានទ្រង់ទ្រាយធំ អ្នកខ្លះក៏មានការចាប់អារម្មណ៍ណាស់”។

សម្ដេចបញ្ជាក់ទៀតថា “ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនពីហ្វឹកហ្វឺនបង្កើនសមត្ថភាពគ្នាទៅវិញទៅមក ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ជាពិសេសបង្កើនសមត្ថភាពគ្នាទៅវិញ ទៅមក មិនមែននាំនូវការគម្រាមកំហែងនោះទេ”។

សូមជម្រាបថា ក្រសួងការពារជាតិ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងស្តីអំពីការធ្វើលំហាត់នាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) នឹងកងទ័ពរំដោះប្រជាជនចិន បង្ហាញដល់សាធារណជនភ្ញាក់ផ្អើលចំពោះស្នូរផ្ទុះ និងការចល័តយោទ្ធោបករណ៍ យោធាក្នុងតំបន់ភូមិសាស្រ្តភ្នំធំ ម្រះព្រៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនានេះ។

គណៈកម្មការដឹកនាំធ្វើលំហាត់នាគមាសឆ្នាំ២០១៨ រវាង ខ.ភ.ម នឹងកងទ័ព រំដោះប្រជាជនចិន និងធ្វើលំហាត់រួមគ្នាលើប្រធាន បទ “ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌”៕ សុខដុម


ចែករំលែក៖