ព័ត៌មានទាន់ហេតុការណ៍៖

ខៀវសាន សាណា ត្រៀមបន្ថែមភាពផ្អែមល្ហែមនៅអ៊ឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ ក្រោយរៀបការបានជិត២ឆ្នាំ ពិធីការិនីសម្តីផ្អែមអ្នកនាង ខៀវសាន សាណា នៅមិនទាន់សម្រេចចិត្តទទួលយកកំណើតកូនជាមួយស្វាមីក្រោយនៅឡើយ។ ទោះជារវល់រៀងខ្លួនស្ទើរដកឃ្លាមិនរួចក្តី ក៏នាងនិងស្វាមីត្រៀមចេញដំណើរកម្សាន្តប្រចាំឆ្នាំបង្កើនភាពផ្អែមល្ហែមនៅតំបន់អ៊ឺរ៉ុបនៅប៉ុន្មានខែខាងមុខនេះ។

គេចាំបានថា ខៀវ សានសាណា បានសម្រេចចិត្តចូលរោងការនឹងបុរសជនជាតិអូស្ត្រាលី លោក SerajSatton ជានាយកគ្រប់គ្រងក្រុមហ៊ុន Century 21ដែលជាក្រុមហ៊ុនទិញលក់អចលនទ្រព្យធំមួយនៅកម្ពុជា។ តារាស្រីរូបនេះ លើកឡើងថា នាងនៅមិនទាន់សម្រេចចិត្តទទួលយកកំណើត ដែលជាតំណក់ឈាមរួមគ្នាជាមួយស្វាមីក្រោយនោះទេ ព្រោះតែនាងនិងស្វាមីសុទ្ធតែរវល់ស្ទើរដកឃ្លាមិនរួច។ នាងថា ពេលនេះស្វាមីនាងបានចេញទៅបំពេញបេកកម្មការងារនៅសហរដ្ឋអាមេរិក ហើយនាងក៏រវល់បន្តបន្ទាប់គ្នាឥតដាច់ដែរ។

នាងថាទោះមមាញឹក ប៉ុន្តែនាងនិងស្វាមីនៅតែភ្ជាប់ទំនាក់ទំនងជានិច្ចជាមួយគ្នា ពិសេសនាងនិងស្វាមីគ្រោងចេញទៅដំណើរកម្សាន្តរួមគ្នាប្រចាំឆ្នាំជាមួយស្វាមីនៅប្រទេសអង់គ្លេស និងបារាំង បន្ទាប់ពីនាងនិងស្វាមីបានចេញទៅកម្សាន្តនៅប្រទេសអង់គ្លេស និងអាល្លឺម៉ង់កាលពីឆ្នាំមុន។

នាងថា វាជាឱកាសដំណើរកម្សាន្តលំហែរអារម្មណ៍ពិសេសគឺពេលវេលាជួបជុំគ្នាបង្កើនភាពផ្អែមល្ហែមនោះ។ នាងថា ពេលរកលុយក៏សំខាន់ ប៉ុន្តែការថែទាំសុខភាព និងនៅជិតអ្នកដែលខ្លួនស្រលាញ់ ក៏រិតតែសំខាន់ដែលមិនអាចប្រហែលបាន។

គួរបញ្ជាក់ដែរថា ខៀវសាន សាណា បានរៀបការជាមួយអតីតស្វាមីលោកដូឡាល់ដ៍បូវសឺរ (Donald Bowser) ជាមន្ត្រីអង្គសហប្រជាជាតិ នៅប្រទេសកាណាដាកាលឆ្នាំ២០០៩ដោយអ្នកនាងមានកូន២នាក់គឺកូនប្រុសច្បងសេមមីបូវសឺរ (Sammy Bowser ) អាយុជាង៧ឆ្នាំដែលកំពុងរស់នៅជាមួយអតីតស្វាមីនៅប្រទេសកាណាដានិងកូនទី២ស្រីពៅដូនណាបូវសឺរ (Donna Bowser) អាយុជាង៦ឆ្នាំនិងកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់នាងនៅកម្ពុជាជាយូរមកហើយ ៕ វឌ្ឍនា


ចែករំលែក៖