ព័ត៌មានទាន់ហេតុការណ៍៖

រំលែកសាំងដាក់ថង់លក់ឲ្យភ្ញៀវមិនប្រយ័ត្នកំពប់ខ្ចាយចូលចង្ក្រាន្តបាយកំពុងមានភ្លើងឆាបឆេះផ្ទះលក់ចាបហួយគ្មានសល់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិឆោឡោឡើងស្រែកហៅគ្នីគ្នាជួយជះទឹកពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយបាញ់ពន្លត់ ខណៈដែលផ្ទះលក់ចាបហួយមួយខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដោយសារតែចៅស្រីម្ចាស់ផ្ទះមានការធ្វេសប្រហែស ដោយយកដបសាំងចាក់ចូលថង់ក្បែចង្ក្រានបាយ ដែលកំពុងមានរងើកភ្លើងបណ្ដាលឲ្យកំពប់ឆាបឆេះតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ រស់នៅភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

មន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យកាសែតនគរវត្តដឹងថា ចំពោះម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នាង សេត ភេទស្រី អាយុ ៦៦ ឆ្នាំ មុខរបរលក់ចាបហួយ រស់នៅភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំពោះចៅស្រីដែលរងរបួសរលាកភ្លើងជើងទាំងសងខាងមានឈ្មោះ អោប ស្រីពេជ្រ អាយុ ១៣ឆ្នាំ ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះគឺមានទំហំទទឹងប្រវែង ៤ គុណ និងបណ្ដោយ ១២ ម៉ែត្រសង់ធ្វើ អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រ៊ក់ស័ង្កសីខូចខាតស្ទើរទាំងស្រុង ។

ចំពោះស្ត្រីម្ចាស់ផ្ទះឈ្មោះ នាង សេត បាននិយាយទាំងទឹកភ្នែកថា ក្រុមគ្រួសារគ្មានសេសសល់អ្វីទៀតទេ ដោយនៅសល់តែអាវខោពាក់ជាប់ខ្លួនប៉ុណ្ណោះស្ទើរមិនជឿ និងភ្នែកតែមួយប៉ប្រិចទ្រព្យសម្បត្តិ ដែលខំសន្សំរាប់ឆ្នាំទាំងប៉ុន្មានរលាយគ្មានសល់ ដូចជាម៉ូតូ២គ្រឿង ម៉ាក់វ៉េវ, កង់ ២គ្រឿង, ស្រាបៀច្រើនប្រភេទ៦០ កេះ, សាំង២កាន និង ម៉ាស៊ូត២កាន, មាស៧ជី៥ហ៊ុន និងលុយខ្មែរ២លានរៀល,លុយដុល្លារ២០០ដុល្លារ និងគ្រឿងចាប់ហួយមួយចំនួនធំ ។

លោកយាយបន្តថា មុនកើតហេតុគាត់បានដាំបាយហូបរាលព្រឹក ប៉ុន្តែមានភ្ញៀវមកទិញសាំងទើបគាត់បានហៅចៅស្រី អោប ស្រីពេជ្រ មកចាក់សាំង រំលែកចូលក្នុងថង់ ខណៈនោះ ស្រាប់តែកំពប់ខ្ចាយទៅ និងចង្ក្រានបាយ ដែលកំពុងមានរងើកភ្លើងបណ្ដាលឲ្យឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់ខ្វែងដៃខ្វែងជើង និងរាយការណ៍មកសមត្ថកិច្ចុមូលដ្ឋានជួយអន្តរាគមន៍ ប៉ុន្តែអកុសលដោយភ្លើងឆេះពេញក្រមុំមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ​ ៕ យឹម សុថាន


ចែករំលែក៖