ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបន្តឃាត់រថយន្តតាក់ស៊ី១៥គ្រឿងឈប់ចាប់ម៉ូយអនាធិបតេយ្យ នៅលើមហាសហព័ន្ធរ៉ុស្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត តាក់ស៊ី ប្រមាណ ១៥គ្រឿងទៀតហើយ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចាប់ឃាត់ រក្សាទុកនៅក្នុងបរិវេណ សាលាខណ្ឌសែនសុខ ដោយសារតែឈប់ចតចាប់ម៉ូយរញ៉េរញ៉ៃនៅលើមហាវិថី សហព័ន្ធរ៉ុស្ស៊ី បង្កភាពបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងមិនស្តាប់តាមការណែនាំ ។

មន្ត្រីអាជ្ញាធរខណ្ឌសែនសុខ ប្រាប់ឲ្យដឹងកាលពី ថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៨ នេះថា រថយន្ត តាក់ស៊ី ទាំង ១៥គ្រឿង នេះ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចាប់ឃាត់ រក្សាទុកនៅក្នុងបរិវេណ សាលាខណ្ឌសែនសុខ កាលពីថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨ មកម្ល៉េះ ដោយសារតែឈប់ចតចាប់ម៉ូយរញ៉េរញ៉ៃ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅលើមហាវិថី សហព័ន្ធរ៉ុស្ស៊ី នៃមូលដ្ឋានខណ្ឌសែនសុខ ។

មន្ត្រីអាជ្ញាធរខណ្ឌសែនសុខប្រាប់ បន្តឲ្យដឹងថា ការចាប់ឃាត់រថយន្តតាក់ស៊ី ដែលបង្កភាព អនាធិបតេយ្យ បណ្តាលឲ្យមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយនៅលើមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រមាណ ១៥គ្រឿងនេះ គឺដោយ អនុវត្តតាមសេចក្តីណែនាំពីសំណាក់លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីពេលកន្លងទៅថ្មីៗនេះ ។

រថយន្តទាំងអស់ ត្រូវបាននាំយកទៅរក្សា ទុកនៅក្នុងបរិវេណសាលាខណ្ឌសែនសុខ និងធ្វើកំណត់ហេតុណែនាំ ដល់ម្ចាស់រថយន្ត ឬ អ្នកបើកបរ ឲ្យបញ្ឈប់ការឈប់ចាប់ភ្ញៀវនៅលើមហាវិថីសហព័ន្ធរុស្សុីបន្តទៀត ។

មន្ត្រីអាជ្ញាធរខណ្ឌសែនសុខប្រាប់ បញ្ជាក់ឲ្យដឹងថា កន្លងទៅរដ្ឋបាលខណ្ឌសែនសុខ ជារឿយៗ តែងតែផ្សព្វផ្សាយ ណែនាំទៅដល់អ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ ត្រូវបញ្ឈប់ការចតចាប់ម៉ូយនៅមហាវិថីសហព័ន្ធរុស្សុី ប៉ុន្តែប្រហែលជា អ្នកបើកបររថយន្តតាក់ស៊ីទាំងនោះ មិនស្តាប់ ហើយនៅតែបន្តឈប់ចតចាប់ម៉ូយដដែល ទើបអាជ្ញាធរខណ្ឌសែនសុខ ចាប់ឃាត់រថយន្តទាំង ១៥គ្រឿង នោះ ដើម្បីអប់រំ ណែនាំ ។

ជាមួយគ្នានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នករត់តាក់សុីទាំងអស់ សូមចូលបេនឲ្យបានត្រឹមត្រូវ ចៀសវាងការ ឈប់ការចាប់ដាក់ម៉ូយតាមមហាវិថីនានា ដែលអាជ្ញាធរបាន ហាមឃាត់ ជាពិសេសនៅលើមហា សហព័ន្ធរុស្សុីនេះផ្ទាល់តែម្តង ដោយសារតែមហាវិថីមួយនេះ គឺមាន គណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ ៕ តុង សីហា


ចែករំលែក៖