ខេត្តរតនគិរី៖ ឈើសុក្រំ ឈើកកោះ និងឈើគគីររាប់សិបដុំ ដែលឈ្មួញលាក់ទុក ក្នុងចំការចន្ទីត្រូវបានកម្លាំងចម្រុះចុះបង្ក្រាប់រឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
ការចុះបង្ក្រាបរឹបអូសនោះបានធ្វើឡើងនៅរសៀល ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាទុក ឃុំប៉ូយស្រុកអូរជុំ ខេត្តរតនគិរី។
ការចុះបង្ក្រាបនោះក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តបានចុះទៅបង្ក្រាបការលួចដឹកជញ្ជូនឈើ ដែលក្រុមឈ្មួញយកមកលាក់ទុកនៅទីតាំងខាងលើនេះ។
គំនរឈើនេះត្រូវបានកម្លាំងសម្ងាត់តាមដានជាយូរថ្ងៃមកហើយ ទើបកំណត់ពេលបង្ក្រាបបានតែម្តង។
ឈើដែលបង្ក្រាបបាននោះជាប្រភេទគគីរ, កកោះ និងសុក្រំមានមុខកាត់ធំៗប្រវែងចាប់២ទៅ៤ម៉ែត្រជាច្រើនដុំ រួចហើយប្រគល់ជូនឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចាត់ការបន្តតាមច្បាប់ព្រៃឈើ។
តួលេខឈើពិតប្រាកដមិនទាន់ដឹងចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ជុំនាញកំពុងវាស់វែង៕ ជីវន្ត