ខេត្តតាកែវ៖ យុវជនបែកថ្នាំម្នាក់ត្រូវបានមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្មោង ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ បន្ទប់ពីបានយុវជនរូបនេះវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រោះតែមូល ហេតុសុំ លុយឪពុកម្តាយ យកទៅទិញថ្នាំញៀនមិនបាន និងបានគំរាមកាប់សម្លាប់ពួកគាត់ថែមទៀតផង។
ហេតុការណ៍កើតឡើងនៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
នគរបាលឃុំស្មោង បានឲ្យដឹងថា យុវជនខាងលើមានឈ្មោះ អ៊ូច ក្រឹម ជាមនុស្សញៀនដល់កម្រិតមួយ ទប់អារម្មណ៍ខ្លួន លែងបាន និងមានការវង្វេងស្មារតី លែងសូវដឹងខុសត្រូវ ទៅហើយ។
នគរបាលដដែលបានបន្តថា តាមការឲ្យដឹងពីឪពុក ម្តាយយុវជនខាងលើ បានប្រាប់ថា កូនរបស់គាត់បានសុំលុយជារៀងរាល់ថ្ងៃ តែមកដល់ ថ្ងៃទី១៣ នេះ គាត់មិនឲ្យដោយគាត់បានដឹងថា កូនរបស់គាត់យកលុយទៅទិញថ្នាំញៀន ហើយគាត់បានស្តីបន្តោស បន្តិចបន្ទូច តែកូនរបស់គាត់បែរជាខឹង ហើយបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន និងបានស្រែកគំរាមកាប់ទៅលើពួកគាត់ថែមទៀត។
បច្ចុប្បន្ននេះ យុវជន អ៊ូច ក្រឹម ត្រូវបានចាប់បញ្ជូនខ្លួន មកកាន់អធិការដ្ឋានស្រុកទ្រាំង ដើម្បីអបរំណែនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ភ្នំដា