ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាសាងសង់ទីតាំងយោធានៅតំបន់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

ចែករំលែក៖

សហគមន៍អន្តរជាតិបានបង្ហាញពីការខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះជោគវាសនា ជនជាតិរ៉ូហ៊ីងយ៉ា ក្រោយពេលរដ្ឋាភិបាល មីយ៉ាន់ម៉ា បានព្រមព្រៀង ជាមួយបង់ ក្លាដែស ក្នុងការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ា ត្រឡប់មកមាតុភូមិវិញ។ អ្វីដែលព្រួយ បារម្ភខ្លាំងនោះ គឺ រដ្ឋាភិបាលមីយ៉ាន់ម៉ាសាងសង់មូលដ្ឋានយោធា នៅលើតំបន់ភូមិឋានដែលជនជាតិរ៉ូហ៊ីងយ៉ារស់នៅ មុនពេលភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

តាមរបាយការណ៍របស់អង្គការលើកលែងទោសអន្ដរជាតិ បានបង្ហាញថា អាជ្ញាធរមីយ៉ាន់ម៉ា កំពុងតែឈូសឆាយ ដី និងផ្ទះសម្បែងពួករ៉ូហ៊ីងយ៉ាដែលនៅសេសសល់ ដើម្បីសាងសង់ ហេដ្ឋារចនា សម្ព័ន និង មូលដ្ឋានកងទ័ពថ្មី នៅរដ្ឋ រ៉ាឃីន។ រដ្ឋរ៉ាក់ឃីន ដែលជាភូមិកំណើត របស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅ មុនពេលពួកគេ បង្ខំចិត្តរត់ភៀសខ្លួន ដោយសារ ការធ្វើទុក្ខបុកម្នេញពីកងទ័ព និងអ្នកកាន់ព្រះពុទ្ធសាសនា ជ្រុលនិយម មីយ៉ាន់ម៉ា។

តាមរយៈរូបភាពផ្កាយរណប ដែល មើលឃើញពីសកម្មភាពឈូសឆាយ របស់ អាជ្ញាធរមីយ៉ាន់ម៉ា ដែលមាននៅក្នុងរបាយការណ៍របស់អង្គការលើកលែងទោសអន្ដ រជាតិ បានជំរុញ ឲ្យមានការសង្ស័យជាខ្លាំង ទៅលើគម្រោង ធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិរ៉ូហ៊ីងយ៉ា មកកាន់ប្រទេសមីយ៉ាន់ ម៉ាវិញ។ តែទោះជាយ៉ាងណាក្តី អាជ្ញាធរ មីយ៉ាន់ម៉ា អះអាងថា សកម្មភាពឈូស ឆាយរបស់ខ្លួន នៅរដ្ឋរ៉ាឃីន គឺផែនការ រៀបចំសម្រាប់ ទទួលជនជាតិ រ៉ូហ៊ីងយ៉ា ត្រឡប់មកវិញតែប៉ុណ្ណោះ។

អង្គការលើកលែងទោសអន្ដរជាតិ ក៏បានបង្ហាញ ពីការព្រួយបារម្ភ ផងដែរ ថា ទឹកដី កំណើត របស់ពួករ៉ូហ៊ីងយ៉ា អាចត្រូវ បានអាជ្ញាធរមីយ៉ាន់ម៉ា សម្រាប់ ជនជាតិ ភាគតិច កាន់ ព្រះពុទ្ធសាសនា និង ក្រុម ផ្សេងទៀត ដែលមិនកាន់សាសនាអ៊ិស្លាម។

គួរជម្រាបថា មានជនជាតិភាគតិច រ៉ូហ៊ីងយ៉ាជិត ៧០០,០០០ នាក់ បានរត់ ចេញពីភាគខាងជើងរដ្ឋរ៉ាឃីន ទៅប្រទេស បង់ក្លាដែស ចាប់តាំងពីមានការ បោស សម្អាតជាតិ សាសន៍ប្រឆាំងនឹងជនភាគ តិចរ៉ូហ៊ីងយ៉ាដែលជាអ្នកកាន់សាសនា អ៊ិស្លាម នៅមីយ៉ាន់ម៉ា។

មីយ៉ាន់ម៉ានិងបង់ក្លាដែស គ្រោងចាប់ផ្តើមគម្រោងធ្វើមាតុភូមិនិវត្តន៍ក្រុមរ៉ូហ៊ីងយ៉ា ទៅកាន់ ប្រទេសមីយ៉ាន់ម៉ាវិញ តាំងពី ចុងខែមករាមកម្ល៉េះ។ ប៉ុន្តែជនជាតិរ៉ូហ៊ីង យ៉ាមួយចំនួន នៅតែ ស្ទាក់ស្ទើរ មិនហ៊ាន ត្រលប់ទៅរដ្ឋរ៉ាឃីនវិញឡើយ ដោយសារតែមិនមានការធានាលើសិទ្ធិនិង សុវត្តិភាព សម្រាប់ពួកគេ។

ពាក់ព័ន្ធនឹងស្ថានភាព ជនជាតិរ៉ូហ៊ីង យ៉ា បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងពីកង្វះ ស្បៀងអាហារ នៅពេលនេះ អង្គការសហប្រជាជាតិបានស្វែងរកថវិកា ១ពាន់លាន ដុល្លារ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។

មន្រ្តី អង្គការសហប្រជាជាតិប្រចាំនៅ បង់ក្លាដែសបាននិយាយថា គេត្រូវការ ថវិកាប្រមាណ ១ពាន់លានដុល្លារ សម្រាប់ ចិញ្ចឹម និងថែទាំសុខភាពរបស់ជនភៀស ខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅកកកុញគ្នា នៅក្នុងជំរំជនភៀសខ្លួន ក្នុងទឹកដី បង់ក្លា ដែស។ ជនភាគតិចរ៉ូហ៊ីងយ៉ា កាន់សាស នាអ៊ិស្លាមប្រមាណ ៧សែននាក់ បានរត់ភៀសខ្លួនគេចចេញពីអំពើហិង្សា នៅរដ្ឋ រ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។

អង្គការសហប្រជាជាតិត្រូវការថវិកា ៩៥០លានដុល្លារ សម្រាប់ផ្តល់ជំនួយ មនុស្សធម៌ដល់ជនភាគតិចរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅក្នុងជំរំភៀសខ្លួន ក្នុងទឹក ដីបង់ក្លាដែស។ តាមមន្រ្តី អង្គការសហ ប្រជាជាតិប្រចាំប្រទេសបង់ក្លាដែសទឹកប្រាក់៩៥០លានដុល្លារ ជាថវិកាដែលគេត្រូវការសម្រាប់តែការចំណាយ នៅឆ្នាំ ២០១៨ និងដែលគេសង្ឃឹមប្រមូលរៃអង្គាសបាននៅក្នុងអំឡុងសន្និសីទរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅ សប្តាហ៍នេះ។

នៅខែតុលាឆ្នាំមុន អង្គការសហប្រជាជាតិបានប្រកូកប្រកាស ស្វែងរកជំនួយ ថវិកា ៤៣៤លានដុល្លារ ដើម្បីអាចផ្តល់ ជំនួយមនុស្សធម៌ ដល់ប្រជាជនរ៉ូហ៊ីងយ៉ា រហូតដល់ខែកុម្ភៈ។ អាហារ ការព្យាបាល ជំងឺនិងជម្រកជាតម្រូវការចាំបាច់របស់ជនភាគតិចរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួន ពីរដ្ឋរ៉ាឃីន ទៅជ្រកកោន ក្នុងទឹកដីបង់ ក្លាដែស ជាប់ព្រំដែនមីយ៉ាន់ម៉ា។ លោក ស្រី Mia Seppoប្រធានអង្គការសហប្រជាជាតិប្រចាំបង់ក្លាដែស នៅថ្ងៃអាទិត្យបាន និយាយថា នៅពេលរដូវភ្លៀងមូសុងខិត​ចូលជិតមកដល់ តម្រូវការ បន្ទាន់ ជាងគេគឺ ទីកន្លែង និងសំពត់តង់ ជ្រកទឹកភ្លៀង សម្រាប់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ១សែន នាក់ ដែលកំពុងរស់នៅ ក្នុងតំបន់លិចទឹក នៅស្រុក Cox’s Bazar របស់បង់ក្លាដែស។ អង្គការក្នុងស្រុក មួយចំនួន ដែលទទួល ជំនួយពីអង្គការសហប្រជាជាតិបានលើកឡើងផងដែរពីតម្រូវការថវិកាសម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការ ដល់ជនភៀសខ្លួន ដែលកំពុងប្រឈមនឹងជំងឺឆ្លង និងរាត ត្បាត នៅក្នុងជំរំភៀសខ្លួន។

សម្រាប់មន្រ្តីអង្គការសហប្រជាជាតិ មួយភាគបួន នៃថវិកាសរុប ៩៥០លាន ដុល្លារ នឹងប្រើផងដែរ សម្រាប់ជាសំណងជំងឺចិត្តដល់ប្រជាជនបង់ក្លាដែស នៅស្រុក Cox’s Bazar ដែលរងប៉ះពាល់ បាត់បង់ដីធ្លី ដោយសារលំហូរជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។

ជនភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណ ៧សែន នាក់ បានរត់ឆ្លងចូលទឹកដីបង់ក្លាដែស ដើម្បី គេចចេញពីហិង្សា ដែលអង្គការសហ ប្រជាជាតិ បានទម្លាក់ការទទួលខុសត្រូវទៅលើទាហានមីយ៉ាន់ម៉ា។ នៅដើមសប្តាហ៍ នេះ ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ាបានទាត់ចោលការចោទប្រកាន់របស់អង្គការសហប្រជាជាតិ ដែលថា យោធាមីយ៉ាន់ម៉ាកំពុងធ្វើនយោបាយបោសសម្អាតជនជាតិភាគតិច រ៉ូហ៊ីងយ៉ា។ នៅខែវិច្ឆិកាឆ្នាំមុន បង់ក្លាដែស និងមីយ៉ាន់ម៉ាបានយល់ព្រមព្រៀងគ្នា ដើម្បីធ្វើមាតុភូមិនិវត្តន៍របស់ជនភាគតិចរ៉ូហ៊ីងយ៉ាទៅរដ្ឋរ៉ាឃីន។ ប៉ុន្តែ ដំណើរការត្រូវជាប់គាំង ហើយគេមិន ដឹងថា តើពេលណានឹងអាចចាប់ផ្តើមពិតប្រាកដនោះទេ។ មេទ័ពមីយ៉ាន់ម៉ាធ្លាប់ បានប្រកាសរួចហើយថា នឹងមិនទទួល យកវិញ ជនជាតិ រ៉ូហ៊ីងយ៉ា ដែលមិនមែនជាជនជាតិភាគតិចស្របច្បាប់នៅមីយ៉ាន់ម៉ា៕ ម៉ែវ សាធី

 

 


ចែករំលែក៖