ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌទួលគោកបង្ក្រាប​ក្រុមចោរឆក់, លួច, គាស់​ផ្ទះ, កាច់ក​ម៉ូតូ និង​ទទួលផល​ចោរកម្ម​សរុប៥នាក់

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការ​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលខណ្ឌ​ស្តីទី សហកាជាមួយកម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ដោយមានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង ហៃ ជា​ក្រឡាបញ្ជី ​, លោក​ចៅសង្កាត់​ទឹកល្អក់​ទី១ និង​លោក​មេភូមិ១៦ បាន​ចុះប្រតិបត្តិការបង្ក្រាបនិង​ឆែកឆេរ​តំបន់​ផ្លូវ​រថភ្លើង​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រហូត​ឈានដល់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យជនសង្ស័យ៥នាក់ជាមុខសញ្ញា ឆក់ លួច គាស់ផ្ទះ និងទទួលផលចោរកម្ម ។

ករណីបង្រ្កាបខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចតំបន់​ផ្លូវ​រថភ្លើង ​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

យោងតាមមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ដំបូងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់​រួមមាន ៖ ទី១៖ ឈ្មោះ នី​ន វីរៈ ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​ពុំ​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ១៦ ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ទី២៖ ឈ្មោះ ខៀវ ដួង​ច័ន្ទ​តារា អាយុ២៤ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​ផ្ទះជួល​ផ្លូវ​រថភ្លើង ភូមិ១៦ សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ រួចបញ្ជូន​ជនសង្ស័យ​មកដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោកធ្វើការសាកសួររួច កម្លាំង​ជំនាញបាន​បន្ត​ស្រាវជ្រាវកំណត់មុខសញ្ញាបន្តទៀត រហូតឈានទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់​ផ្សេងទៀត ជា​បន្តបន្ទាប់​នៅថ្ងៃដដែរ ។

ដោយជនសង្ស័យទាំង៣នាក់នោះ​មានឈ្មោះ៖ ទី៣៖ ឈ្មោះ ជ័យ សារឿន ភេទ​ប្រុស អាយុ៤១ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅផ្ទះ​លេខ១៤៤D1ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ទី៤៖ ឈ្មោះ ចាន់ ស៊ីថា ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅ ផ្ទះជួល ភូមិ​ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។ ទី៥៖ ឈ្មោះ អ៊ុង សំរេច ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ បន្ទប់​ជួល សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ព​ញ ។

សមត្ថកិច្ចបន្តទៀតថា ក្រោម​វិធានការ​ជំនាញ​របស់​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង៥នាក់​បាន​សារភាពថា ៖ ទី១៖ ឈ្មោះ នី​ន វីរៈ ធ្លាប់​កាច់ក​ម៉ូតូ ចំនួន​ជិត២០លើក ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​លួច​យក​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ចំនួន០៣ លើក​ក្នុងភូមិ​សាស្ត្រ ខណ្ឌទួលគោក។ ទី២៖ ឈ្មោះ អ៊ុង សំរេច ជា​ចោរឆក់​ផង លួច​ផង គាស់​ផ្ទះ​ផង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​រូបគេ​ជាមួយ​បក្ខពួក តែង​ជិះ​ម៉ូតូ ចេញ​ឆក់ ជា​រៀងរាល់ថ្ងៃ តែបើ​កន្លែង​ណា​ស្ងាត់​ពួកគេ នឹង​ចូល​គាស់​ផ្ទះ បើ​កន្លែង​ណា​ប្រហែស​ពួកគេ​ចូល​លួច។ ទី៣៖ ឈ្មោះ ខៀវ ដួង​ច័ន្ទ​តារា ជា​បក្ខពួក​ជាមួយ​ក្រុមចោរឆក់ លួច កាច់ក​ម៉ូតូ គាស់​ផ្ទះ និង​ជា​អ្នក​ដោះ​គ្រឿង​ម៉ូតូ​ដែល​លួចបាន។ ទី៤៖ ឈ្មោះ ចាន់ ស៊ីថា ជា​ចោរលួច​ម៉ូតូ​ផង លក់បាន​លុយ តែង​យកទៅ​ជក់​គ្រឿងញៀន​ផង។ ទី៥៖ ឈ្មោះ ជ័យ សារឿន ជា​អ្នកទទួលផល​ចោរកម្ម ដោយបាន​ទិញ​ម៉ូតូ​ចោរ​ក្នុងតម្លៃថោក ។

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ផងដែរ កម្លាំង​អាវុធហត្ថ ចាប់យក​វត្ថុតាង​បាន​មួយចំនួន​រួមមាន ៖

ម៉ូតូ០២គ្រឿង ម៉ាក MSX ស្លាក​លេខ ភ្នំពេញ 1GN-1112 និង​ម៉ាក SL ស្លាក​លេខ កំពត 1G-3218 ជា​ម៉ូតូ​ដែល​ពួកចោរ​ទាំងនេះ​លួច​បានមក ,ដាវ០២ដើម ,ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ,ដប់​សម្រាប់​ជក់​ថ្នាំ​មួយចំនួន ,ដែក​អក្សរ T សម្រាប់​កាច់ក​ម៉ូតូ០២ , កូនសោរ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យទាំង៥នាក់ និង​វត្ថុតាង​កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖