ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយាន់ដាយដឹកទំនិញបុកអ្នកជិះម៉ូតូស្លាប់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលកំពុងជិះម៉ូតូក៏ត្រូវរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ២តោនកន្លះបុកបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបាញ់កាលពីថ្ងៃព្រហស្បតិ៍១៤ ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ខែ មិនាឆ្នាំ២០១៨ វេលាម៉ោង០៦:២៥នាទី ព្រឹក នៅលើផ្លូវលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៩ លេខ១៦០ ស្ថិតក្នុងភូមិបតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីចំណាស់ដែលស្លាប់មានឈ្មោះ លិញ ស្រីម៉ៅ អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិថ្មី សង្កាត់ច្រកម្ទេស សង្កាត់បាវិត ក្រុងបាវិត ដោយបានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1Y.0558 ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះថាសាន់ ស៊ីថុន អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួន បន្សល់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ២,៥Tពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង3A1-1455នៅនឹងកន្លែង។

យោងតាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ប្រភេទដឹកទំនិញ២តោនកន្លះពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង3A1-1455 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១

លុះពេលបើកបរមកដល់ចំនុនកើតហេតុខាងលើក៏ជែងស្រាប់តែទៅបុកប៉ះនិងម៉ូតូធ្វើដំណើរពីកើតទៅលិចបញ្ច្រាសគ្នា ម៉ាកហុងដា C125ស្លាកលេខ ភ្នំពេញ 1Y.0558 ពណ៌ខ្មៅបើកបរដោយស្ត្រីម្នាក់ និងមិនពាក់មួកសុវត្ថិភាពយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍ភ្លាមអ្នកបើកបររថយន្តឃើញសភាពការ មិនស្រួល បានបើកទ្វាររត់គេចពីកន្លែងកើតហេតុ។

ចំពោះសាកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ។

ចំពោះមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖