ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ កំពុងដេកលង់លក់ក្នុងដំណេក ស្កប់ស្កល់ ខណៈដែលមានរថយន្តម៉ាកកាម៉ារីគូថប៉ោង ពណ៌ សំបកឱឡឹកមួយគ្រឿងប្រើប្រាស់ល្បឿនលឿនសង្ស័យអ្នកបើកស្រវឹងស្រាណាមួយផ្លូវកោងបណ្ដាលឲ្យរ៉េចង្កូតធ្លាក់ប្រឡាយទឹកទំនប់តាហោលាន់សូរប៉្រាវទាំងកណ្ដាល អធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង៤៥នាទីលើផ្លូវទំនប់តាហោ គយត្របែក ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុង ស្វាយរៀងសំណាងអ្នកបើករងរបួសស្រាល។
យោងតាមមន្ត្រីនគរបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា អ្នកបើករថយន្តខាងលើមានឈ្មោះព្រំ ចន្ថន ភេទ ប្រុសអាយុ ៣២ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។
ចំណែករថយន្ដធ្លាក់ផ្លូវចូលប្រឡាយទឹកម៉ាក កាម៉ារី ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២C ០២០២ ខូចខាតទាំងស្រុង។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក កាម៉ារី ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២C០២០២ បើកបរដោយបុរសម្នាក់ដោយធ្វើដំណើរពីត្បូងមកជើងក្នុងល្បឿនលឿនណាមួយផ្លូវកោងផងស្រាប់តែរេចង្កូតមកខាងស្ដាំដៃធ្លាក់ប្រឡាយទឹកទំនប់តាហោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាហោ ដែលនៅក្បែរនោះចេញមកមើល និងអន្តរាគមន៍ជួយលើកបុរសខាងលើចេញពីក្នុងរថយន្តទាំងអការស្រវឹងស្រា។
ប្រភពបន្តថា នេះពិតជាសំណាងហើយដែលមិនគ្រោះថ្នាក់ដល់អាយុជិវិត ខណៈទឹកមានជម្រៅជ្រៅគួរសម ដោយត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល គ្រាន់តែរងរបួសស្រាល ចំណែករថយន្តរងការខូចខាតធ្ងន់ ។
លុះនៅព្រឹកឡើងម្ចាស់រថយន្តបានហៅរថយន្តស្ទួចមកស្ទួចយកទៅជុសជុលខ្លួនឯង ដោយមិនមានរងការខូចខាតរបស់របរអ្នកដទៃនោះទេ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មូលហេតុ ដោយម្ចាស់ ស្រវឹងស្រា ហើយបើករថយន្ដប្រើប្រាស់ល្បឿនលឿនទើបជួបករណីចរាចរណ៍កើតឡើងបែបនេះ ៕ យឹម សុថាន