ភ្នំពេញ ៖ ឥណ្ឌានៅតែបន្តជួយដល់កង ទ័ពកម្ពុជាផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះ នេះ បើតាមការអះអាងរបស់លោកវរសេនីយ៍ ឯក PARANVIR SINGH PUNIA អនុព័ន្ធយោធាឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម ខណៈចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជា មួយលោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាល្ងាចថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ។
លោកវរសេនីយ៍ឯក PARANVIR SINGH PUNIA បន្តថា ប្រទេសកម្ពុជា និងឥណ្ឌាមានទំនាក់ទំនងនឹងគ្នាតាំងពី យូរលង់ណាស់មកហើយ ឥណ្ឌានៅតែ បន្តជួយដល់(ខ.ភ.ម)លើផ្នែកយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ។ កន្លងមកកងទ័ពជើងទឹកឥណ្ឌា បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយកងទ័ពជើងទឹកកម្ពុជាយ៉ាងល្អ ប្រសើរ។ លោកវរសេនីយ៍ឯក PUNIA បានបន្តថា ក្រសួងការពារប្រទេសឥណ្ឌា នឹងផ្តល់លទ្ធភាពជាក់ស្តែងដល់កម្លាំងកង យោធពលខេមរភូមិន្ទ (ខ.ភ.ម)។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ចាត់ ទុកបេសកកម្មបំពេញ ការងារនៅព្រះរាជាណាចក្រកម្ពុជារបស់លោក PUNIAថា បាន បង្កើនការពង្រឹងពង្រីកបន្ថែមទៀត នូវចំណង សាមគ្គីភាព មិត្តភាព និងកិច្ច សហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ដែលមានតាំងពីយូរ លង់ណាស់មកហើយ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង ក្រសួងការពារប្រទេសឥណ្ឌាដែលបានជួយ ឧបត្ថម្ភគាំទ្របណ្តុះបណ្តាលធនធាន មនុស្ស ក្នុង(ខ.ភ.ម) ជាពិសេសលើផ្នែក យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ (ខ.ភ.ម)មានភារកិច្ចការពាររក្សាសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសំណូមពរដល់រដ្ឋាភិបាល និងក្រសួងការពារប្រទេសឥណ្ឌាឲ្យបន្តជួយបណ្តុះ បណ្តាលធនធានមនុស្ស ក្នុង (ខ.ភ.ម)បន្ថែមទៀតផងដែរ ៕ សុខដុម