ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទពេញបឹងទន្លេសាប លោក លឹម សុក្រិត ឆ្លើយដាក់អ្នកដទៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទ​នៅអតីតឡូត៍នេសាទលេខ៦ បច្ចុប្បន្នឡូត៍អភិរក្ស ស្ថិតក្នុងដែនសមត្ថកិច្ច​របស់​សង្កាត់រដ្ឋបាលជលផលកណ្តៀងកំពុងមានបទល្មើស​អូស​អួនកែច្នៃយ៉ាងគគ្រឹកគគ្រេង បែរជាលោកលឹម សុក្រិត អះអាងថា លោកមិនដឹងទេ ឲ្យសួរមេៗរបស់លោកទៅ ។ ស្របពេលនេះមានសេចក្តីរាយការណ៍ថា បទល្មើសនេសាទបាននិងកំពុងកើតមានច្រើនស្អេកស្កះគួរឲ្យកត់សម្គាល់ ហើយលោកលឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលកណ្តៀងកំពុងងងឹតមុខនឹងចំណូលដែលពួកឈ្មួញបោះឲ្យ ។

លោកលឹម សុក្រិត ទើបត្រូវបានតែងតាំងជានាយសង្កាត់រដ្ឋបាលជលផលកណ្តៀងកាលពីពេលថ្មីៗនេះ ។ ពួកអ្នកនេសាទល្មើសច្បាប់បានសហការគ្នា​យកដង្វាយទៅជូនលោកលឹម សុក្រិត តាមរយៈការបង់ជូនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ទៅតាមទំហំនៃបទល្មើស ។ ពួកអ្នកនេសាទល្មើសច្បាប់ជនជាតិវៀតណាមចូលចិត្តទៅនេសាទនៅ​អតីតឡូត៍លេខ៦ ឬឡូត៍អភិរក្ស ស្ថិតនៅក្នុងស្រុកកណ្តៀង ពីព្រោះតំបន់នេះសម្បូរត្រីខ្លាំងណាស់ ។ គេនិយាយថា ត្រី​គ្រប់ប្រភេទមួលមីណែនណាន់តាន់តាប់នៅក្នុងតំបន់អភិរក្សមួយនេះ ។

ជារៀងរាល់ថ្ងៃនេះ ពួកអ្នកនេសាទខុសច្បាប់បានប្រើឧបករណ៍នេសាទអូសកែច្នៃ ដែលមានល្បឿនលឿនដូចគេបើករថយន្ត ហើយអាចប្រមូលត្រីម្តងៗបានរាប់តោន ។ ឧបករណ៍នេសាទអូសកែច្នៃនេះ បានបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​មន្ត្រីជលផលតួយ៉ាងដូចជាលោកលឹម សុក្រិត មិនដែលខ្វល់នឹងបញ្ហានោះឡើយ ។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោកលឹម សុក្រិតអះអាងប្រាប់ភ្នាក់ងារកាសែតនគរវត្តថា រឿងបទល្មើសនោះ លោកមិនដឹងទេ សូមអ្នកកាសែតទៅសួរលោកនាយផ្នែករដ្ឋបាលជលផលក្រគរ គឺលោក ស្វាយ សំអាត និង​លោកឆាយ មន នាយរងខណ្ឌ​រដ្ឋបាលជលផលពោធិ៍សាត់ទទួលបន្ទុកស្រុកកណ្តៀង និងស្រុកក្រគរទើបដឹងរឿងច្បាស់ ។

ប៉ុន្តែបើតាមពួកមន្ត្រីជលផលនៅតំបន់បឹងទន្លេសាបនិយាយថា លោក លឹម សុក្រិត ជាមន្ត្រីវ័យក្មេង ដែលកំពុងផ្អែមមាត់នឹងលាភសក្ការរបស់ពួកឈ្មួញបោះឲ្យ ។ ដូច្នេះ លោកមិនខ្វល់​អំពីបញ្ហាអ្វីទេ គឺ​កំពុងតែសប្បាយចិត្តនឹងប្រមូលញក់ដាក់ហោប៉ៅ ។ មន្ត្រី​ជលផលដូចគ្នា នៅក្នុងខេត្តពោធិ៍សាត់អះអាងថា លោកលឹម សុក្រិត ចំណាយទុនធំទម្រាំបានកាន់តំណែង​គ្រប់គ្រងអតីតឡូត៍នេសាទនេះ ដូច្នេះគាត់ត្រូវការ​ស្រង់ដើមខ្លះហើយ ។ គ្មានអ្វីគួរឲ្យឆ្ងល់ទេ ៕ ប៉ឹម ពិន


ចែករំលែក៖