ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទជាចំហរធ្វើសកម្មភាព​ក្រោមក្រសែភ្នែកជួយជ្រោមជ្រែងពីមន្ត្រីជលផលខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទ​ដែល​ប្រើប្រាស់ឧបករណ៍ខុសច្បាប់បាននិងកំពុងដំណើរការ​ជាចំហរ​ជារឿងរាល់ថ្ងៃនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ មន្ត្រីជំនាញ ត្រូវគេរាយការណ៍ថា ជាអ្នកដែល​ចាំទទួលផលប្រយោជន៍ពីក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ ។ ថ្នាក់ដឹកនាំខេត្ត​ក៏បាន​ជំរុញឲ្យមានការបង្ក្រាបបទល្មើសនេសាទនេះដែរ ប៉ុន្តែមើលទៅហាក់ដូចជា​មិនមានប្រសិទ្ធភាពអ្វីឡើយ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ទីរកសិកម្មខេត្តពោធិ៍សាត់​បានបែងចែកកម្លាំងឲ្យចាំបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកក្រគរ ស្រុកកណ្តៀង…នោះដែរ ប៉ុន្តែវាហាក់ដូចជាគ្រាន់តែ​នាំគ្នាទៅយកលុយពីឈ្មួញធ្វើសកម្មភាពខុសច្បាប់នោះទៅវិញ ។ សកម្មភាព​នៃការអូសអួនកែច្នៃចម្ងាយរាប់រយម៉ែត្រ ក្នុងល្បឿនដូចបើករថយន្តលើគោកនោះកំពុងបំផ្លាញធនធានធម្មជាតិនៅក្នុងបឹងទន្លេសាបយ៉ាងខ្លាំងក្លា ។ មិនថារដូវបិទ ឬបើកនេសាទនោះឡើយ បទល្មើសកើតឡើងជាចំហរ ហើយពួកមន្ត្រីជលផលត្រូវគេរាយការណ៍ថា សប្បាយរីករាយនឹងទទួលបានលាភសក្ការពីពួក​អ្នកនេសាទល្មើសច្បាប់ទាំងនោះ ។

មន្ត្រីសំខាន់ៗ ដូចជាលោកស្វាយ សំអាត នាយផ្នែករដ្ឋបាលជលផលក្រគរស្តីទី, លោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង និងលោក​ឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់… បណ្តាឥស្សរជនទាំង៣រូបនេះត្រូវគេអះអាងថាបានពាក់ព័ន្ធនឹងផលប្រយោជន៍​ក្នុងបទល្មើសនេសាទ​នៅបឹងទន្លេសាបយ៉ាងជ្រៅ ។

លោក ស្វាយ សំអាត មិនលើកទូរស័ព្ទអ្នកកាសែតនោះទេ កាលពីព្រឹកមិញ ។ លោកឆាយ មន អះអាងថា ឆ្លើយមិនបានទេរឿងបទល្មើសនេសាទនៅបឹងទន្លេសាបនោះ ។

លោកលឹម សុក្រិត ដែលទើបត្រូវបានតែងតាំងជា​នាយសង្កាត់រដ្ឋបាលជលផលកណ្តៀងថ្លែងថា បទល្មើសទាំងអស់ ទាល់តែសួរមេៗថ្នាក់លើ ។ ការឆ្លើយរបស់លោកលឹម សុក្រិតទទួលស្គាល់ថា បទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិតជាកើតមានមែន ហើយខ្លួនក៏ទទួលបានប្រយោជន៍ពីបទល្មើសនោះដែរ ។ ប៉ុន្តែខ្លួនទើបតែមកកាន់កាប់តំណែងថ្មី ដូច្នេះ មេថ្នាក់លើ​ជាអ្នកដែលទទួលបានផលប្រយោជន៍មុន ។ តាមយោបល់របស់លោកលឹម សុក្រិត ថ្នាក់លើរបស់ខ្លួនពុករលួយច្រើន​ក្នុងរឿងបទល្មើសនេសាទនេះ ដូច្នេះអ្នកកាសែតគួរតែសួរទៅថ្នាក់លើទៅប្រសើរជាង ។

បទល្មើសនេសាទនៅក្នុងបឹងទន្លេសាបមិនថា នៅក្នុងតំបន់អភិរក្ស ឬ​អតីតឡូត៍នេសាទនោះទេ សព្វថ្ងៃនេះសកម្មភាពនៃការអូសអួនហ៊ុំកំពុងកើតមានយ៉ាងសកម្មទាំងថ្ងៃទាំងយប់ ។ គេរាយការណ៍ថា អួនហ៊ុំប្រវែងរាប់រយ រាប់ពាន់ម៉ែត្រ​ធ្វើសកម្មភាព​ប្រមូលយកផលនេសាទ​រាប់​តោនក្នុងមួយម៉ោងៗ ដែល​សកម្មភាពនេះ ត្រូវគេមើលឃើញថា បង្កមហន្តរាយយ៉ាងធ្ងន់ ដល់មច្ឆជាតិ និងធនធានធម្មជាតិនៅក្នុងបឹងទន្លេសាប ។

អាជ្ញាធរខេត្តពោធិ៍សាត់ហាក់ដូចជាផ្តេកផ្តួលរឿងបទល្មើសនេសាទនេះ​ ។ អគ្គនាយកដ្ឋានរដ្ឋបាលជលផលមិនខ្វល់អំពីបញ្ហានៃការរលាយហិនហោចធនធានធម្មជាតិនៅបឹងទន្លេសាបនោះឡើយ ។ មេជលផលមិនដែលបានបង្ហាញស្នាដៃអ្វីជាដុំកំភួនក្នុងការបង្ក្រាបបទល្មើសនេសាទម្តងណាឡើយ មិនថាតែ នៅបឹងទន្លេសាប ឬសមុទ្រនោះទេ ។ យ៉ាងណាក៏ដោយគេរំពឹងថា ក្រសួងមហាផ្ទៃមិនបណ្តោយឲ្យមានបទល្មើសនេសាទជាលក្ខណៈបើកចំហរកើតមានបន្តទៀតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នោះទេ ។ មិនតែប៉ុណ្ណោះ ក្រសួងមហាផ្ទៃគួរចាត់វិធានការចំពោះមន្ត្រីអសកម្មជំនួសក្រសួងកសិកម្មផង ៕ ហេង សូរិយា

 


ចែករំលែក៖