ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខុសច្បាប់មួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងល្បែងបាញ់ត្រីខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះបង្ក្រាបជាក់ស្តែង ដកហូតនូវទូហ្គេមបាញ់ត្រីចំនួន១ទូ និងកៅអីចំនួន២ ចំណែកអ្នកមើលការខុសត្រូវមិនបានឃាត់ខ្លួននោះទេ ព្រោះគេចខ្លួនបាត់អស់ ។

ករណីបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ នឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ១០៦E០ ផ្លូវលេខ៦៣ ក្រុម៧៧ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ដោយមានការណែនាំពី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់ចំនួន០១ទីតាំងជាក់ស្តែង ដែលលួចបើកជ្រកក្រោមស្លាកយីហោអ៊ីធឺណែត២៤ម៉ោងផងដែរ ។

ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចរកឃើញថា ៖ មានទូហ្គេមបាញ់ត្រីចំនួន០១ទូ ហើយធ្វើកំណត់ហេតុដកហូតទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០១ទូ និងកៅអីចំនួន០២ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត ៕ស តារា


ចែករំលែក៖