ខេត្តកំពង់ស្ពឺ៖ លោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមដំណើរដោយលោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រួច បានចុះជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនសមាជិកអតីតយុទ្ធជន នៅស្រុកភ្នំស្រួចចំនួន ៩០០នាក់ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
មានមតិសំណេះសំណាលទៅកាន់បងប្អូនអតីតយុទ្ធជននាឱកាសនោះ លោក នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា អតីតយុទ្ធជនរបស់យើង បានបំពេញតួនាទីបម្រើជាតិ មាតុភូមិ ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថា ឆ្លើយតបនឹងគុណបំណាច់ដ៏ធំធេងនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានទូលថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ដើម្បីស្នើសុំព្រះរាជទានមេដាយការពារជាតិជូនក្រុមគាត់នាឱកាសនេះ។
ជាមួយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានគូសបង្ហាញផងដែរពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការបង្កើតឲ្យមានមជ្ឈមណ្ឌលយោធិនពិការ ការផ្តល់ដីនិងធ្វើផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតខ្លាំង ព្រមទាំងការឧបត្ថម្ភសម្ភារៈ ថវិការ ក្នុងពេលមានពិធីបុណ្យទានផ្សេងៗផងដែរ។
លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានសំណូមពរឱ្យបងប្អូនអតីតយុទ្ធជន បន្តចូលរួមចលនាសង្គម រក្សានូវសុខសន្តិភាព សហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត កសាង និងអភិវឌ្ឍន៍ក្លាយជាកម្លាំងចលករ ដ៏រឹងមាំស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសចូលរួម អនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
អតីតយុទ្ធជនដែលបានទទួលនូវការបំពាក់មេដាយការពារជាតិទាំងអស់ បានសម្តែងនូវការរំភើបក្នុងចិត្តឥតឧបមា ព្រមទាំងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុនសែន ប្រធានសមាគម ដែលបានចាត់ឲ្យនាយឧត្តមសេនីយ៍ គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិដល់ក្រុមគាត់នាឱកាសនេះ និងបានសន្យាបន្តគាំទ្រការដឹកនាំរបស់សម្តេចជារៀងរហូត៕