ខេត្តព្រៃវែងៈ ជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ដែលតាមកាប់កម្មករស៊ីឈ្នួលដើរចាក់ធុងបាស់ម្នាក់ បណ្តាលឲ្យរងរបួសមួយកន្លែងចំកញ្ចឹងកយ៉ាងធ្ងន់ធ្ងរ ខណៈដែលជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង តាមចាប់បានហើយ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ តឿ ខី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថជនសង្ស័យឈ្មោះ តឿ ខី បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងជាថ្ងៃកើតហេតុ ខណៈដែលរូបគេមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងចាក់ធុងបាស់នៅកន្លែងរាំរួចហើយនៅពេលជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះម្នាក់ឯង រូបគេ”ជនសង្ស័យ”និងបក្ខពួកម្នាក់ទៀតឈ្មោះ ស្លេះ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបូសឬស្សី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានជិះម៉ូតូមួយគ្រឿងឌុបដេញតាមជនរងគ្រោះដោយឈ្មោះ ស្លេះ ជាអ្នកអង្គុយពីក្រោយជាអ្នកកាប់ជនរងគ្រោះ។ ពេលដេញតាមមកដល់ចំណុចខាងលើឈ្មោះ ស្លេះ ក៏បានទាញដាវដែលសៀតនៅជាប់បំពង់ស៊ីម៉ាំងម៉ូតូកាប់ទៅលើជនរងគ្រោះចំនួនមួយដាវ រួចហើយពួកគេ”ជនសង្ស័យ” ក៏បានបើកម៉ូតូរត់គេចទៅមុខ។ ប៉ុន្តែពេលបើកបានបន្តិចក៏ស្រាប់តែម៉ូតូអស់សាំង ខណៈនោះធ្វើឲ្យឈ្មោះ ស្លេះ រត់គេចចោលខ្លួនបាត់។ បន្ទាប់ពីរូបគេ”តឿ ខី” បានបើករេសាវ័រសាំងផ្លុំទើបធាក់ម៉ូតូឆេះ ក៏ចេញយកម៉ូតូទៅទុកផ្ញើផ្ទះអុំឈ្មោះ ក្រឹម នៅភូមិ.ឃុំជាមួយ រីឯដាវយកទៅលាក់ទុកក្រោយផ្ទះ។ ចំណែករូបគេ”តឿ ខី” ដើរធ្វើមិនដឹងទៅដេកផ្ទះរបស់ខ្លួន។ លុះព្រឹកឡើងបម្រុងគេចខ្លួនទៅខេត្តក្រចេះ ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្តង ៕ សហការី