ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានស្ថាបនាស្ថានីយបូមទឹកលូ៥ ដើម្បីរំដោះទឹក ការលិចលង់ជូនប្រជាពលរដ្ឋ៤ ខណ្ឌនៅជាយក្រុង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបារាជធានីភ្នំពេញ បានចូលរួមជាអធិបតី បើកការដ្ឋាន សាងសង់ស្ថានីយបូមទឹក ដែលមានកម្លាំងបូម៥ម៉ែត្រគូបក្នុង១វិនាទី ដើម្បីរំដោះការលិចលង់ជូនប្រជាពលរដ្ឋ ៤ខណ្ឌ នៅជាយក្រុង គឺខណ្ឌពោធិ៏សែនជ័យ,ដង្កោ,មានជ័យ និងសែនសុខស្ថានីយនេះស្ថិនៅចំណុច ប្រសព្វ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។

តាមការបញ្ជាក់ឲ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថា៖ ស្ថានីយបូមទឹក ស្ថិតនៅចំណុចលូ៥ ភូមិដំណាក់ធំ២នេះ ត្រូវបានស្ថាបនាឡើងនៅចំណុចមុំបី ចំណុចប្រសព្វ ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យនិងខណ្ឌដង្កោ ហើយប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៤ ជាសំខាន់ ផងដែរ ។

លោកបន្តថា៖ ស្ថានីយបូមទឹកលូ៥ ធ្វើឡើងតាមគម្រោងប្លង់មេអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ដែលបានសិក្សាដោយអង្គការចៃកាជាយូមកហើយ ។ ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សុី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។

លោកបន្តថា៖ ស្ថានីយបូមទឹកលូ៥ ដែលបើកការដ្ឋានស្ថាបនានៅពេលនេះ នឹងត្រូវសាងសង់អគារថ្មីបណ្តោយ ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក៤គ្រឿង ក្នុងនោះ បំពង់មុខកាត់៨តឹក២គ្រឿងនិងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនិង២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោង។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គ្មានការជោគ ជ័យណាមួយមិនមានការចូលរួមពីប្រជាពលរដ្ឋនោះទេ ។ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំណាស់ក្នុងការដោះស្រាយបញ្ហាលិចលង់ ដោយក្រៅពីកសាងស្ថានីយហើយ យើងនៅបើកយុទ្ធនាការស្តារប្រឡាយនិងលូ នៅ៤ខណ្ឌកណ្តាលក្រុងថែមទៀត។ លោកបន្តថា៖ ដើម្បីអោយទឹកលែងលិច យើងត្រូវរួមគ្នាថែរក្សាប្រឡាយ ។ ជាក់ស្តែងយើងកំពុង កាយអភិវឌ្ឍប្រឡាយស្ទឹងមានជ័យ ដែលមានសម្រាមរហូត ដល់៤៣ម៉ឺនមែត្រគុប និងបានប្រើប្រាស់ថវិកាអស់ យ៉ាងច្រើន ហើយប្រឡាយស្ទឹងមានជ័យនេះ នៅរដូវវស្សាខាងមុខនេះអាចដោះស្រាយការលិចលង់បានហើយ។

លោក ឃួង ស្រេង ក៏បានស្នើរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវជួយមើលថែទាំនិង ការពារទាំងអស់គ្នា មិនថាអាជ្ញាធរឬ ប្រជាពលរដ្ឋនោះទេ ព្រោះ សមិទ្ធផលទាំងនេះ ជាសមិទ្ធផល រួមទាំងអស់គ្នា ។ ដោយឡែក ក្លោនុងឱកាសនេះដែរ លោកក៏បានស្នើរឲ្យមន្ដ្រី ខណ្ឌ សង្តាត់ ភូមិ ត្រូវរួមគ្នា បន្ដចុះមើល ដល់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីចង់ដឹងពីការចង់បានរបស់ប្រជាពលរដ្ឋ មិនថា បញ្ហាលិចលង់ ឬការផ្តល់សេវាផ្សេងៗ ជូនពួកគាត់នោះទេ ព្រោះអាជ្ញាធររាជធានីមានថវិកាមួយចំនួនដើម្បីជួយលើការងារនេះជូនប្រជាពលរដ្ឋនោះដែរ ៕ សំរិត


ចែករំលែក៖