ខេត្តស្វាយរៀង៖ មានផ្សែងហុយទ្រលោមចេញពីអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកធ្វើដំណើរ ក៏ដូចជាអ្នកបម្រើការងារ នៅសាលាដំបូងខេត្ត រាយការណ៍មកសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថមកអន្តរាគមន៍ដោយមានរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលចំនួន៣គ្រឿង គ្រប់គ្រងស្ថានការណ៍បាន បន្ទាប់ពីមានរថយន្តកូរ៉េមួយគ្រឿង ដែលខូចទុកចោល ត្រូវបានអគ្គិភ័យឆាបឆេះមួយកំណាត់មុខទាំងស្រុង សង្ស័យមានមនុស្សបោះកន្ទុយបារីទៅលើសំរាម ទើបបង្កឲ្យឆាបឆេះតែម្ដង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងក្នុងសាលាដំបូងខេត្តស្វាយរៀង។
យោងតាមមន្ត្រីកងរាជអាវុធហត្ថក្រុងស្វាយរៀងបានប្រាប់កាសែតនគរវត្តដឹងថា មុនពេលហេតុគេឃើញមានផ្សែងហ៊ុយចេញពីខាងក្រោមរថយន្តកូរ៉េ ពាក់ស្លាកលេខ ភព ២ ៩០៤០ ពណ៌ខៀវ ១តោនកន្លះដែលខូចគេទុកចោល នៅបរិវេណសាលាដំបូងខេត្តស្វាយរៀងបន្តិចក្រោយមក ក៏បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីបម្រើការងារថា មានអគ្គិភ័យឆេះរថយន្តទើបកម្លាំងកងរាជអាវុធហត្ថខេត្ត និងនគរបាលចេញមកអន្តរាគមន៍ ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកបាញ់ពន្លត់ប្រមាណកន្លះម៉ោង ទើបគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលា ដោយមិនមានការរាលដាលដល់កន្លែងផ្សេងនៃអគារ និងមនុស្ស មិនមានគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែខូចខាតរថយន្តដែលឆេះខាងលើនេះតែប៉ុណ្ណោះ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ចំពោះភ្លើងទៀន ធូប មុនពេលចេញទៅប្រកបមុខរបរលក់ដូរ ក៏ដូចជាចេញពីផ្ទះ សូមបិទបារ៉ែតភ្លើងឲ្យបានត្រឹមត្រូវ ព្រោះខែនេះ ជារដូវប្រាំង ងាយស្រួលឆាបឆេះខ្លាំងណាស់ ដូចករណីខាងលើនេះផងដែរ ៕ យឹម សុថាន