ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការពាក់មួកសុវត្ថិភាពបានធ្វើមកដល់ស្រុកជលគិរីហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុទ្ធនាការពាក់មួកសុវត្ថិភាពលើកទី៨ ដែលរៀបចំឡើងដោយអនុគណកម្មការសុត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានធ្វើមកដល់ស្រុកជលគិរីហើយ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោមសងខេង និង ជាប្រធាមន្ទីរសាធារណការ និងដឹកជញ្ជូន លោក ។

លោកកែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោមសងខេង និង ជាប្រធាមន្ទីរសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិដែលបានរៀបចំធ្វើឡើងនៅស្រុកជលគិរីនាពេលនេះ គឺជាលើកទី៨ហើយនៅក្នុងខេត្តកំពង់ឆ្នាំងធ្វើឡើងគោលបំណងចង់ឲ្យប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងអស់យល់ដឹង អំពីសារៈប្រយោជន៍នៃការពាក់មួយសុវត្ថិភាពក្នុងពេលធ្វើដំណើរ និង ធ្វើឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយជម្រុញឲ្យប្រជាបលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នៅក្នុងពេលធ្វើដំណើរ ។ នៅក្នុងយុទ្ធនាការនេះមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន បានផ្តល់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលឆ្លើយត្រូវទៅនឹងសំណួរចំនួន៥០មួកផងដែរ ជាមួយនេះក៍ចែកជូននូវសៀវភៅច្បាប់ចររាចរណ៍ផ្លូវគោក ខិតប័ណ្ណអប់រំស្តីពីចរាចរណ៍ និង បិទចំណាំង ផ្លាតដល់យានយន្ត និងទោចក្រយាន្តជាច្រើនផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងនៅគ្រប់ទិសទីទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើន ដែលទាំងនេះគឺជាក្តី បារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឲ្យខាតបង់នូវសេដ្ឋកិច្ចជាតិយ៉ាងធំផងដែរ មិនតែប៉ុណ្ណោះបានធ្វើឲ្យបាត់បង់សាច់ញាតិក្រុមគ្រួសារ និង បន្សល់នូវជនពិការផងដែរ ។ កត្តាទាំងនេះហើយដែលទាមទារឲ្យយើងទាំងអស់គ្នាចូលរួមគិតគូរ ទប់ស្កាត់ លុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍នេះឲ្យនៅកម្រិតទាបបំផុត ។

លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា យុទ្ធនាការដែលធ្វើឡើងនាពេលនេះគឺ ដើម្បីបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង អំពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ ។ ហើយសម្រាប់អ្នកបើកបរថយន្ត ត្រូវតែពាក់ខ្សែក្រវ៉ាត់ជាប្រចាំក្នុងពេលបើកបរ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងប្រើប្រាស់គ្រឿងញៀន មិនត្រូវបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែង ក្នុងស្ថានភាពគ្រោះថ្នាក់ឡើយ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា អត្រាគ្រោះថ្នាក់ចរាចេរណ៍លើដងផ្លូវក្នុងឆ្នាំ២០១៧នៅទូទាំងប្រទេសកន្លងទៅនេះមានការថយចុះក៍ពិតមែន ប៉ុន្តែករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែកើនឡើង ចំពោះអ្នករងរបួសមានការថយចុះគួឲ្យកត់សម្គាល់ ហើយក្នុងនោះមាន៧៧ភាគរយគឺជាទោចក្រយានយន្ត ហើយក្នុងចំណោមនេះគឺមាន៦៧ភាគរយ ជាអ្នកដែលបើកបរដោយមិនពាក់មួកសុវត្ថិភាព ៕ ចន្ថា


ចែករំលែក៖