ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បានចាប់ខ្លួន បុរសជនជាតិម៉ាឡេស៊ីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជាង២លានដុល្លារអាមេរិក ពីជនជាតិជប៉ុនចំនួន២៩នាក់ ក្រោមរូបភាពវិនិយោគខ្យល់ នៅខេត្តកំពត និងខេត្តកំពង់ស្ពឺរួចបញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់។
រហូតមកដល់ល្ងាចថ្ងៃទី១៦ខែមីនាលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងបុរសជនជាតិម៉ាឡេស៊ី ឲ្យមានសេរីភាពវិញ។
ចំពោះមូលហេតុនៃការដោះលែងនេះមិនមានប្រភពណាបញ្ជាក់ឲ្យដឹងនោះទេព្រោះលោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស។
បុរសជនជាតិម៉ាឡេស៊ី រូបនេះឈ្មោះ WOO KEE MUN ហៅ WOO CLEMENT អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២/១១ ផ្លូវ៥៩៨ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញបានត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូល របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅក្នុងភោជនីយដ្ឋានតាយម៉េង ក្នុងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០១៣-២០១៤ ជនសង្ស័យ បានទាក់ទងជនជាតិជប៉ុនចំនួន២៩នាក់ ដោយភូតថា ខ្លួនមានដីសម្រាប់ដាំម្រេច នៅឃុំត្រពាំងក្តារ ស្រុកដងទង់ ខេត្តកំពត, មានដីសម្រាប់ដាំដំឡូង និងដើមអាកាស្សា នៅឃុំក្រាំងដង្វាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានដីសម្រាប់ដាំស្វាយ នៅខេត្តកំពង់ស្ពឺ តែតាមការពិត ពេលទទួលប្រាក់ពីជនរងគ្រោះរួចហើយ គឺគេចខ្លួនរហូត ពោលគ្មានដីសម្រាប់ការវិនិយោគទាំងនេះឡើយ។
ជនសង្ស័យបានប្រើប្រាស់លិខិតឆ្លងដែនចំនួន៤ ដើម្បីងាយស្រួលដើរហើរ និងប្រើរួបភាពឆបោក។
ក្រៅពីជនជាតិជប៉ុនខាងលើនេះ ក៏មានជនជាតិម៉ាឡេស៊ី និងជនជាតិសឹង្ហបុរីប្រមាណ១០នាក់ទៀត ដែលបានចាញ់បោកជនសង្ស័យរូបនេះ តែពួកគេមិនទាន់មកដាក់ពាក្យបណ្តឹង។
មន្រ្តីនគរបាលបានចាត់ទុកថា នេះជារូបភាពបោកអន្តរជាតិមួយ និងបានធ្វើឲ្យក្រុមវិនិយោគិនអន្តរជាតិខ្លាច ចំពោះការមករកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ៕ ចេស្តា