ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបុកម៉ូតូស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់និង២នាក់ទៀតរបួសធ្ងន់ ក្នុងនោះមានម្នាក់បាក់ខ្ទេចជើងខាងស្តាំ ដោយគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដឹកដី នឹងម៉ូតូជិះឌុបគ្នា៣នាក់ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចច្រកចូលសាលាសង្កាត់លេខ១(ឃ្លាំងលើ) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោង៥និង៣០ល្ងាច ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងពេលរថយន្តដឹកដីបត់ឆ្លងផ្លូវ ចំពេលភាគីខាងម៉ូតូបើកបរទិសដៅចូលក្រុងព្រះសីហនុ មកដល់ក៏ជ្រុលទៅបុកចំកង់ក្រោយរថយន្តពេញទំហឹង ។

ជនរងគ្រោះទាំង៣នាក់រួមមានអ្នកបើកម៉ូតូឈ្មោះ មាស សៀវមុី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិ៤ សង្កាត់២ ក្រុងព្រះសីហនុ រងរបួសធ្ងន់។ អ្នកជិះកណ្តាល ឈ្មោះហៅថា ចាស់ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ របួសធ្ងន់(បាក់ជើង)។ អ្នកជិះពីក្រោយគេឈ្មោះ វែង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រញូស្តារស្លាប់នៅនឹងកន្លែង ។

រីឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ចំណែកម៉ូតូ និងរថយន្ត បានយកមករក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ៕ ឆ្លាម សមុទ្រ


ចែករំលែក៖