ភ្នំពេញ៖ ក្រោយពីTrailer នៃភាពយន្តខ្នាតធំរឿង“អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ដែលចូលរួមសម្តែង៣ប្រទេសខ្មែរ ថៃ និងឡាវ ដែលកំពុងទទួលបានកាចាប់អារម្មណ៍នោះ បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីរាត្រីថ្ងៃទី១៦ខែមីនានេះនៅ Legend Cinema សាខាExchange Square Mall ។
កម្មវិធីខាងលើមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីឈ្មោះកម្ពុជាជាច្រើនរូប ពិសេសវត្តមានតារាសម្តែងមកពីប្រទេសថៃ និងឡាវចូលរួមផងដែរ ។ ភាពយន្តខ្នាតធំរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ “Memories Of New Year” នេះ នឹងមានដាក់បញ្ចាំងជាផ្លូវការក្នុងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ នៅភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនទៀត ។
លោកអ៊ិន សុភិនអគ្គនាយកផលិតកម្មមហាហង្សបានបញ្ជាក់ថា សាច់រឿងនេះនឹងធ្វើឲ្យទស្សនិកជនជក់ចិត្តឌិតអារម្មណ៍ជាមួយឈុតឆាកពិសេសៗជាច្រើនទាក់ទងនឹងប្រពៃណីរបស់៣ប្រទេសនោះតែម្តង ។ លោកបញ្ជាក់ថា អ្នកទស្សនាភាពយន្តនេះនឹងហាក់មានអារម្មណ៍មានសេចក្តីសុខដោយភាពញញឹមចាប់តាំងពីដើមរហូតដល់បញ្ចប់រឿង ។ លោកថាទាំងសាច់រឿងល្អ តារាសម្តែងល្បី ក្រុមការងារផលិតមានបទពិសោធន៍ និងទុនចំណាយខ្ពស់ គឺពិតជាធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍ហើយលោក និងសិល្បករទាំងអស់ពិតជារំពឹងថានឹងទទួលបានជោគជ័យគ្រា ដែលប្រកាសចាក់បញ្ចាំងនៅកម្ពុជា ។
រឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ“Memories Of New Year” ត្រូវបានចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបមានតារាសម្តែងកម្ពុជាលោក ខាត់ វ៉ៃហាំង តារាសម្តែងថៃលោក ឆាគីត យ៉ែមណាម, កញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត, កញ្ញា ឌីលក្ខលក្មី និងតារាសម្តែងប្រុសស្រីល្បីឈ្មោះទាំងបីប្រទេសជាច្រើនទៀត ។
តារាសម្តែងថៃ លោក ឆាគីតយ៉ែមណាម បានបញ្ជាក់ថា លោកពិតជារីករាយ ដែលបានចូលរួមសម្តែងភាពយន្តជាមួយតារាកម្ពុជា និងឡាវហើយលោកពិតជាមានអារម្មណ៍ប្លែក ដែលបានមកកម្សាន្តលើទឹកដីកម្ពុជាជាថ្មីផងដែរ ។ លោករំពឹងថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅកម្ពុជាដូចគ្នាទៅនឹងការគាំទ្រជាច្រើននៅប្រទេសថៃ និងឡាវផងដែរ ៕ វឌ្ឍនា